យោងតាមការផ្សយរបស់សារព័ត៌មានបរទេស ការអង្គុយធ្វើការលើសពី ៨ ម៉ោងក្នុងមួយថ្ងៃ គឺជាមូលហេតុចម្បងដែលនាំឱ្យកើត រោគសញ្ញាការិយាល័យ ដែលបង្កការឈឺចាប់រ៉ាំរ៉ៃដល់សាច់ដុំ និងឆ្អឹងខ្នង។ ប្រសិនបើអ្នកមិនចង់ឱ្យការងារបំផ្លាញសុខភាពទេ លោកអ្នកគួរចាប់ផ្ដើមអនុវត្តតាមយុទ្ធសាស្ត្រសាមញ្ញៗដើម្បីសង្គ្រោះរាងកាយឱ្យមានភាពរស់រវើកឡើងវិញ។
ជំហានដំបូងគឺការអនុវត្តច្បាប់ ២០-២០-២០ ដើម្បីសម្រាកភ្នែកពីពន្លឺអេក្រង់ ដោយរៀងរាល់ ២០ នាទី ត្រូវសម្លឹងមើលទៅចម្ងាយ ២០ ហ្វីត រយៈពេល ២០ វិនាទី។ បន្ទាប់មក គឺការរៀបចំកន្លែងធ្វើការឱ្យត្រូវតាមស្ដង់ដាសុខភាព ដោយលើកអេក្រង់កុំព្យូទ័រឱ្យខ្ពស់ត្រឹមភ្នែក និងអង្គុយឱ្យត្រូវតាមមុំ ៩០ ដឺក្រេ នៅត្រង់ត្រគាក ជង្គង់ និងកែងដៃ ដើម្បីចែកចាយទម្ងន់ខ្លួនឱ្យបានស្មើគ្នា។
ក្រៅពីការរៀបចំឥរិយាបថ លោកអ្នកគួរឆ្លៀតពេលលាតសន្ធឹងសាច់ដុំសាមញ្ញៗនៅលើកៅអីការិយាល័យ និងផឹកទឹកឱ្យបានច្រើនដើម្បីរក្សាភាពបត់បែននៃសន្លាក់។ សម្រាប់ការឈឺចាប់នៅចំណុចជាក់លាក់ លោកអ្នកអាចប្រើបាល់វាយកូនបាល់ដាក់ចន្លោះខ្នង និងកៅអីដើម្បីម៉ាស្សាសង្កត់ចំណុចតានតឹង ដែលវាផ្ដល់លទ្ធផលដូចជាការធ្វើព្យាបាលដោយចលនា។
ជាចុងក្រោយ ការប្រើប្រាស់ឧបករណ៍ជំនួយដូចជាកណ្ដុរបញ្ឈរ ឬក្ដារចុចបែបសុខភាព នឹងជួយការពារការរលាកសរសៃកដៃបានយ៉ាងពូកែ។ ការផ្លាស់ប្តូរទម្លាប់តូចតាចជារៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកអាចធ្វើការបានយ៉ាងមានប្រសិទ្ធភាព និងជៀសផុតពីការឈឺចាប់រ៉ាំរ៉ៃក្នុងរយៈពេលវែង៕
ចែករំលែកព័តមាននេះ