ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​ស្អែក រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងសម្ពោធ​ជា​ផ្លូវការ ព្រះ​បដិមា​លោកេស្វរៈ

11 ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ៖ លោក មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​ជា​ផ្លូវការ ព្រះ​បដិមា​លោកេស្វរៈ​នឹង​ចាប់ផ្ដើម​នៅ​ស្អែក​នេះ…

ខេត្តឧត្ដរមានជ័យ ៖ លោក មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​ជា​ផ្លូវការ ព្រះ​បដិមា​លោកេស្វរៈ​នឹង​ចាប់ផ្ដើម​នៅ​ស្អែក​នេះ នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ នៅ​បរិវេណ​រង្វង់​មូល​ដៃ​ប្រាំបី ផ្ទាល់​តែ​ម្ដង ។

ពិធី​នេះ នឹង​មានការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១០៨​អង្គ ដើម្បី​ឧទ្ទិស​កុសល ជូន​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​កម្ពុជា ការពារ​ព្រំដែន ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​។ និង​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​មាន​បំណង​ចូលរួម សូម​មេត្តា​ចូលរួម​ក្នុង​ពិធី​ខាងលើ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន​។

យោង​តាម​លោក ឈួ​រ សុ​បញ្ញា រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​(Chhour Sopannha)​របស់​លោក ដោយ​បាន​ពន្យល់​ពី​បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ ដូច្នេះ​ថា «​បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ ក្នុង​ព្រះពុទ្ធ​សាសនា​មហាយាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​»​ព្រះ​ពោធិសត្វ​លោកេស្វរៈ គឺជា​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ និង​ព្រះពុទ្ធ​សាសនា​មហាយាន ដែល​នៅ​តែ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ការ​អប់រំ​យុវជន ការ​ដឹកនាំ និង​ការ​រស់នៅ​របស់​សង្គម​ខ្មែរ​សព្វថ្ងៃ​។ បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ គឺជា​ទេវរូប​ដ៏​សំខាន់​មួយ​នៃ ព្រះ​ពោធិសត្វ​អវលោកេស្វរៈ ក្នុង​ព្រះពុទ្ធ​សាសនា​មហាយាន និង​វ​ជ្រ​យាន​។ ព្រះ​អង្គ​តំណាង​ឱ្យ​ករុណា​ធម៌​ខ្ពស់​បំផុត និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​សង្គ្រោះ​សត្វលោក​ឲ្យ​រួច​ផុត​ពី​ទុក្ខវេទនា​។ នៅ​ក្នុង​បរិបទ​ជំនឿ​ប្រជាជន​ខ្មែរ បច្ចុប្បន្ន ព្រះ​អង្គ​ត្រូវ​បាន​គោរព​សក្ការៈ​យ៉ាង​ទូលំទូលាយ ក្នុង​នាម​ជា ព្រះ​អង្គ​ដងទង់​ដ​ង្កើ​រ ដែល​ជា​រូប​សញ្ញា​នៃ​មេត្តាករុណា និង​ការពារ​។

ពាក្យ Avalokiteśvara (​អវលោកេស្វរៈ​) មាន​ន័យ​ថា ព្រះ​អាទិទេព​នៃ​លោក ឬ ព្រះ​អាទិទេព ដែល​មើល​ពីលើ​សត្វលោក​។ អត្ថន័យ​នេះ​បង្ហាញ​ថា ព្រះ​ពោធិសត្វ​លោកេស្វរៈ គឺជា​ព្រះ​អង្គ​ដែល​មើលឃើញ​ទុក្ខវេទនា​នៃ​សត្វលោក​ទាំងអស់ ដោយ​ព្រះករុណា​ធម៌ និង​ប្រាជ្ញា ហើយ​មិន​បោះបង់​អ្នក​ណា​ម្នាក់​ឡើយ​។

នៅ​ក្នុង​ទស្សនៈ​ពុទ្ធសាសនា​មហាយាន និកាយ​វ​ជ្រ​យាន​នោះ​ព្រះ​ពោធិសត្វ​លោកេស្វរៈ គឺជា​គំរូ​នៃ មហាករុណា ដែល​លើស​ពី​មេត្តា​ធម្មតា​។ ព្រះ​អង្គ​ប្តេជ្ញា​មិន​ចូល​និព្វាន​ដរាបណា​សត្វលោក​នៅ​តែ​រង​ទុក្ខ ហើយ​អាច​បំ​លែង​រូបរាង​បាន​ច្រើន​ទម្រង់ ដើម្បី​សម្របសម្រួល​ទៅ​តាម​ស្ថានភាព និង​សមត្ថភាព​ទទួលយក​ធម៌​របស់​សត្វលោក​នីមួយ​ៗ​។ ដោយហេតុ​នេះ ព្រះ​ពោធិសត្វ​លោកេស្វរៈ ត្រូវ​បាន​ចាត់ទុកជា​គំរូ​នៃ​ការ​រស់នៅ​ដើម្បី​អ្នក​ដទៃ និង​ការ​លះបង់​អត្ត​ខ្លួន​។

ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ​បាន​ទទួល​ការ​គោរព​យ៉ាង​ខ្លាំងក្លា ជា​ពិសេស​ក្នុង​រាជ្យ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (​ចុង​សតវត្ស​ទី​១២ ដល់​ដើម​សតវត្ស​ទី​១៣)​។ សម័យនេះ គឺជា​សម័យ​កំពូល​នៃ​ព្រះពុទ្ធ​សាសនា​មហាយាន​នៅ​កម្ពុជា ហើយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ត្រូវ​បាន​យល់​ថា ជា​ព្រះមហាក្សត្រ​ដែល​អនុវត្ត​គោលការណ៍​ព្រះ​ពោធិសត្វ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​។ ព្រះពុទ្ធ​សាសនា​លទ្ធិ​មហាយាន គឺជា​សាសនា​របស់​រដ្ឋ ដែល​ក្នុង​នេះ​ព្រះ​ពោធិសត្វ​លោក​កេ​ស្វរៈ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់ ដោយ​ថែម​ទាំង​មានការ គោរព និង​មាន​ជំនឿ​យ៉ាង​លើសលប់​នៅ​ក្នុង​សង្គម​ខ្មែរ​ទៀត​ផង ។ នៅ​គ្រប់​មជ្ឈដ្ឋាន​សង្គម​ខ្មែរ​មាន​រួម​ទាំង​មេទ័ព និង​ព្រះមហាក្សត្រ តែងតែ​មានការ​គោរព​បូជា​ដល់​ព្រះពុទ្ធ​អង្គ​លោក​កេ​ស្វរៈ​ពុំដែល​អាក់ខាន ។​ចម្លាក់​ព្រះ​ពោធិសត្វ​លោកេស្វរៈ រូប​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (​ម​.​ត ១៩៩៤)​តាម​ឯកសារ​បាន​តំណាល​ឲ្យ​ដឹង​ថា ព្រះពុទ្ធ​សាសនា​ហិន​យាន​ដែល​ព្រះ​អង្គ​បាន​ចូល​និព្វាន​រួច​ទៅ ហើយ​នោះ ឯ​ព្រះពុទ្ធ​និ​យាន​មហាយាន​ទ្រង់​កំពុង​ត្រៀម​ព្រះ​កាយ​ចូល​ព្រះ​និព្វាន​នៅឡើយ ។ ការ​រង​ចាំ​មិន​ទាន់​ចូល​បរិនិព្វាន​របស់​ព្រះ​ពោធិសត្វ​លោក​កេ​ស្វរៈ ដោយសារ​តែ​ព្រះ​អង្គ​ទុក​ពេលវេលា​ចង់​ជួយ​មនុស្សលោក​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ ។ ព្រះ​ពោធិសត្វ​លោកេស្វរៈ សព្វព្រះទ័យ​មិន​ទាន់​ចង់​ចូល​និព្វាន ព្រោះ​ព្រះ​អង្គ​នៅ​មានការ​អាណិតអាសូរ​ដល់​ពុទ្ធបរិស័ទ​ក្នុង​ការ​ស្រោចស្រង់ មនុស្សលោក​ឲ្យ​បាន​ច្រើន ។

បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ ក្នុង​សិល្បៈ​ខ្មែរ សម័យ​បាយ័ន តែងតែមាន​និមិត្តរូប​ជាក់លាក់​៖
១. ព្រះ​ហស្ត ២, ៤ ឬ ៨ តំ​ណា​នូវ​សមត្ថភាព​ជួយ​សង្គ្រោះ​សត្វលោក
បាន​គ្រប់​ទិស
២. កេតនភណ្ឌ ដែល​កាន់​ក្នុង​ព្រះ​ហស្ត ដូច​ជា ផ្កាឈូក (​ភាព​បរិសុទ្ធ និង​ការ​ត្រាស់​ដឹង​), គម្ពីរ (​ប្រាជ្ញា និង​ព្រះធម៌​), ថូ (​ព្រះករុណា​ដែល​បំពេញ​ទុក្ខ​) និង​ខ្សែ​ផ្គាំ ឬ​ខ្សែ​ប្រាក់​–​មាស (​ការ​ភ្ជាប់​សត្វលោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​)
៣. ព្រះ​អមិតាភ​ភ​គង់​លើ​ផ្នួងសក់ ដែល​បង្ហាញ​ថា ព្រះ​ពោធិសត្វ​លោកេស្វរៈ ទទួល​ប្រាជ្ញា​ពី​ព្រះពុទ្ធ​អមិតាភ ដូចដែល​ឃើញ​ក្នុង
បដិមា ប្រាជ្ញា​បារ​មិ​តា
បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ មិនមែន​គ្រាន់​តែត្រឹម​ជា​រូប​សក្ការៈ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​គំរូ​អប់រំ​សង្គម​ដ៏​សំខាន់​។ ព្រះ​អង្គ​បង្រៀន​ឲ្យ​មនុស្ស​៖
-​មាន​មេត្តាករុណា​ចំពោះ​អ្នក​ដទៃ
-​ស្តាប់​ទុក្ខ និង​យល់​ពី​បញ្ហា​របស់​សង្គម
-​ត្រូវ​ចេះ​ប្រើ​អំណាច និង​តួនាទី​ដោយ​ធម៌ ប្រាជ្ញា និង​ការ​ទទួលខុសត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ