កម្លាំងចម្រុះចុះបោះស្លាកសញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹកក្នុងខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម…
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម…
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផល កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយកម្លាំងវរសេនាតូចកាំភ្លើងធំ យោធភូមិភាគ រដ្ឋបាលស្រុកក្រូចឆ្មា រដ្ឋបាលឃុំទ្រា ឃុំក្រូចឆ្មារ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ និងរដ្ឋបាលឃុំព្រះធាតុ ស្រុកអូររាំងឪ គណៈកម្មការសហគមន៍នេសាទបឹងក្រពិត សរុបចំនួន៣៣នាក់ ដើម្បីចុះបោះស្លាកសញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
ក្នុងដំណើរនេះ អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារបានចុះដល់ទីតាំងជាក់ស្ដែង ដើម្បីបោះស្លាកសញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹក ចំនួន ៦ទីតាំង រួមមាន ៖ ទីតាំងទី១ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន ១ស្លាក និងបោះបង្គោលព្រំការពារព្រៃលិចទឹក ចំនួន៣បង្គោល។ ទីតាំងទី២ ក្រុមការងារបានបោះបង្គោលព្រំការពារព្រៃលិចទឹក ចំនួន ៣បង្គោល។ ទីតាំងទី៣ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន១ស្លាក និងបោះបង្គោលព្រំការពារព្រៃលិចទឹក ចំនួន៤បង្គោល។ ទីតាំងទី៤ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន ១ស្លាក។ ទីតាំងទី៥ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន១ស្លាក និងទីតាំងទី៦ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន១ស្លាក ។
ជាមួយគ្នានេះ អនុរដ្ឋលេខាធិការ ក៏បានអំពាវនាវចូលរួមការពារភ្លើងឆេះព្រៃលិចទឹក ដើម្បីជាជម្រក ជីវចម្រុះ ធនធានជលផល បរិស្ថាន របបអាហារ និងចំណូលរបស់ប្រជាពលរដ្ឋ និងហាមពង្រីកកន្ទុយដីស្រែ ចូលទៅក្នុងតំបន់ដីព្រៃលិចទឹក ហាមយកត្រាក់ទ័រ គ្រឿងចក្រកាយ ឈូសឆាយដី ចូលទៅក្នុងតំបន់ដីព្រៃលិចទឹក។ ចំណែក ជនប្រព្រឹត្តបទល្មើសព្រៃលិចទឹក នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ។
ទន្ទឹមនឹងនេះ ក្រុមការងារជំនាញ ក៏បានបន្តចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនានា នៅក្នុងភូមិសាស្ត្រចំណុចបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយបានរុះរើ បំផ្លាញចោល ឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ១ករណី រួមមាន ៖ ឧបករណ៍លូស្បៃមុង ៥មាត់ របាំងស្បៃមុង ២៥០ម៉ែត្រ និងបង្គោលចម្រឹងចំនួន៨០ដើម។ ជាចុងបញ្ចប់ លោកបានបញ្ជាក់បន្ថែមថា ក្រុមការងារជំនាញ និងបន្តត្រួតពិនិត្យការពារភ្លើងឆេះព្រៃលិចទឹក និងបង្ក្រាបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ៕














ចែករំលែកព័តមាននេះ