ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យយុវជនម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ខណៈអ្នកបើកបររថយន្ត ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ រកឃើញថា អ្នកបើករថយន្ត បើកបរក្នុងស្ថានភាពស្រវឹង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានមេគង្គ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
យោងតាមរបាយការណ៍ពីនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ភាគីទាំងពីរ រួមមាន ៖ អ្នកបើកបរម៉ូតូឈ្មោះ ឌី ដេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់ពងទា (ស្នាក់នៅផ្ទះជួលភូមិ អូរកណ្ដៀរ ឃុំអូរកណ្ដៀរ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ) បើកបរម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត ។ ចំណែកឯរថយន្ត បើកបរដោយឈ្មោះ យឹម សារ៉េត ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរជាមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បើកបររថយន្តម៉ាក LEXUS LX 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5526 ក្នុងទិសដៅបញ្ច្រាសគ្នា ។ ទាក់ទិនគ្រោះថ្នាក់ខាងលើនេះ ក៏បានរងការខូចខាតមធ្យោបាយធ្វើដំណើរ រថយន្ត និងម៉ូតូ ទាំងសងខាងផងដែរ ។
តាមការស៊ើបអង្កេតបឋមពីនគរបាលជំនាញ កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពស្រវឹង។
បច្ចុប្បន្ន អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕









ចែករំលែកព័តមាននេះ