ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្ប៉ាញ​ថា​ខ្លួន​មិន​ចូលរួម​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ដែល​បង្កើត​ឡើង​ដោយ​លោក​ត្រាំ​ទេ

14 ម៉ោង មុន

ទី​ក្រុង​ម៉ាឌ្រីត៖ ​ប្រទេស​អេស្ប៉ាញ​បញ្ជាក់​​ថា​ខ្លួន​នឹង​មិន​ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ដូណាល់​ត្រាំ​ទេ​។ ក្រុម​ប្រឹក្សា​នេះ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នៅ​ទូទាំង​សាកល​លោក​។ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង ក្រុម​ប្រឹក្សា​នេះ​ផ្ដោត​សំខាន់​លើ​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​តំបន់​ហ្កា​ហ្សា។​​ ពោល​គឺ​អភិ​វឌ្ឍ​តំបន់​នេះ​ឡើង​វិញ និង​កាត់​រំសាយ​អាវុធ​។ នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក​ប៉េ​ដ្រូ សាន់​ឆេស…

ទី​ក្រុង​ម៉ាឌ្រីត៖ ​ប្រទេស​អេស្ប៉ាញ​បញ្ជាក់​​ថា​ខ្លួន​នឹង​មិន​ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ដូណាល់​ត្រាំ​ទេ​។ ក្រុម​ប្រឹក្សា​នេះ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នៅ​ទូទាំង​សាកល​លោក​។ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង ក្រុម​ប្រឹក្សា​នេះ​ផ្ដោត​សំខាន់​លើ​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​តំបន់​ហ្កា​ហ្សា។​​ ពោល​គឺ​អភិ​វឌ្ឍ​តំបន់​នេះ​ឡើង​វិញ និង​កាត់​រំសាយ​អាវុធ​។

នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក​ប៉េ​ដ្រូ សាន់​ឆេស (Pedro Sanchez) បញ្ជាក់​អំពី​ជំហរ​ដូច​ខាង​លើ​នេះ​ក្រោយ​ពាក់​កណ្ដាល​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សុក្រ​។ ពោល​គឺ​បន្ទាប់​ពី​សហ​ភាព​អឺរ៉ុប​កោះ​ប្រជុំកំពូល​នៅ​ក្នុង​ស្ថាន​ភាព​បន្ទាន់​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ ប្រទេស​បែល​ហ្សិច​។ លោក​ថ្លែង​ថា​យើង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​គោរព​អញ្ជើញ​ (ឱ្យ​ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​ភាព)។ ប៉ុន្តែ​យើង​មិន​ចូល​រួម​ទេ​​។ ​លោក​ថា​​​ក្រុម​ប្រឹក្សា​សន្តិ​ភាព​នេះ​ស្ថិត​នៅ​ក្រៅ​ក្រប​ខណ្ឌ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ហើយ​​គ្មាន​ចំណែក​របស់​អាជ្ញា​ធរ​ប៉ាឡេ​ស្ទីន​ចូល​រួម​ទៅ​ទៀត​​​។

អាមេរិក​អះ​អាង​ថា​ស្ថាប័ន​មួយ​នេះ​នឹង​ជួយ​សម្រុះ​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ ហើយ​នឹង​ឃ្លាំ​មើល​ការ​អនុវត្ត​បទ​ឈប់​បាញ់ ព្រម​ទាំង​​ចាត់​ចែង​សន្តិ​សុខ​ និង​កសាង​ឡើង​វិញ​នូវ​អ្វី​ដែល​ខូច​ខាត​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​។ គំនិត​នេះ​ផ្ដើម​ចេញ​ពី​ផែន​ការ​សន្តិ​ភាព​នៅ​តំបន់​ហ្កាហ្សា​ដែល​ជា​សំណើ​របស់​លោក​ត្រាំ​។ នៅ​ពេល​ប្រកាស​បង្កើត​ក្រុម​ប្រឹក្សា​នេះ​នៅ​ទី​ក្រុង​ដាវ៉ូស ប្រទេស​ស្វីស​ កាល​ពី​យប់​មិញ​នោះ​ គេ​ឃើញ​ថា​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​របស់​អាមេរិក​ដូច​ជា​កាណាដា អង់​គ្លេស និង​​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ស្ទើរ​តែ​ទាំង​អស់​​មិន​បាន​ចូលរួម​ទេ លើក​លែង​តែ​ហុង​គ្រី និង​ប៊ុល​ការី​​​​​ប៉ុណ្ណោះ​។

លោក​សាន់​ឆេស​ពន្យល់​ហេតុ​ផល​ដែល​លោក​សម្រេច​ចិត្ត​មិន​ចូលរួម​ព្រោះ​គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក​​តម្កល់​​​ច្បាប់​អន្តរ​ជាតិ, អង្គ​ការ​សហ​ប្រជា​ជាតិ និង​នយោបាយ​ពហុ​និយម​​ជា​ធំ​។ ប្រទេស​ដែល​ចូល​រួម​នៅក្នុង​ក្រុម​ប្រឹក្សា​នេះ​គឺ​អ៊ីស្រា​អែល​, បណ្ដា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា, អាស៊ី​កណ្ដាល​ និង​អាស៊ី​អាគ្នេយ៍​។ ប្រទេស​ខ្លះ​ទទួល​បាន​លិខិត​អញ្ជើញ​រួច​ហើយ ហើយ​ប្រកាន់​ជំហរ​ផ្សេង​ៗ​គ្នា​។ ប្រទេស​ខ្លះ​ទទួលការ​អញ្ជើញ​រួច​ហើយ​ ហើយ​​យល់​ព្រម​ចូលរួម​, ប្រទេស​ខ្លះ​មិន​ទាន់​ឆ្លើយ​តប​ជា​ផ្លូវ​ការ និង​ប្រទេស​ខ្លះ​មិន​ចូលរួម​។ មាន​ករណី​ប្រទេស​ខ្លះ​យល់​ព្រម​ចូល​រួម​ ប៉ុន្តែ​ត្រូវ​បាន​លោក​ត្រាំ​លុប​ចោល​ការ​អញ្ជើញ​វិញ​ ឧទាហរណ៍ ដូច​ជា​កាណាដា​ជា​ដើម​​៕ ប្រភព៖ រ៉យ​ទ័រ (Reuters ) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ