ទីក្រុងម៉ានីល ៖ សមាជិកក្រុមសង្គមស៊ីវិលហ្វីលីពីន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានដាក់ពាក្យប្តឹងប្រធានាធិបតីហ្វីលីពីន លោកហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ដោយចោទប្រកាន់លោកពីបទកេងប្រវ័ញ្ចអ្នកជាប់ពន្ធជាប្រព័ន្ធទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងទឹកជំនន់ក្លែងក្លាយ។ នេះបើតាមការចេញផ្សាយពីកាសែត South China Morning Post។

កំហឹងលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានហៅថា គម្រោងខ្មោច បានលេចរូបរាងឡើងអស់រយៈពេលជាច្រើនខែក្នុងប្រទេសប្រជុំកោះ ដែលមានប្រជាជនប្រហែល១១៦លាននាក់មួយនេះ និងជាកន្លែងទីក្រុងទាំងមូលត្រូវបានលិចលង់ក្នុងគ្រោះទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុងដ៏ខ្លាំងក្លាក្នុងឆ្នាំកន្លងមក ។
ញត្តិកាលពីថ្ងៃទី២២ ខែមករា ដែលគាំទ្រដោយគណបក្ស Makabayan ដែលជាសម្ព័ន្ធភាពនៃគណបក្សនយោបាយឆ្វេងនិយម បានចោទប្រកាន់លោកម៉ាកូសថា ក្បត់ទំនុកចិត្តសាធារណជនដោយខ្ចប់ថវិកាជាតិជាមួយគម្រោង ដែលមានគោលបំណងបង្វែរមូលនិធិទៅឱ្យសម្ព័ន្ធមិត្តខ្លួន ។ អ្នកដាក់ពាក្យបណ្តឹងបានថ្លែងថា ច្បាប់ចម្លងនៃញត្តិត្រូវបានដាក់នៅការិយាល័យអគ្គលេខាធិការសភាតំណាងរាស្ត្រ ស្របតាមច្បាប់សភា ទោះបីជាមន្ត្រីរូបនោះមិនមានវត្តមាន ដើម្បីទទួលយកដោយខ្លួនឯងយ៉ាងណាក៏ដោយ ។
បើតាមសេចក្តីសង្ខេបនៃឯកសារដែលទីភ្នាក់ងារសារព័ត៌មាន AFP (Agence France-Presse) ដកស្រង់បានបង្ហាញថា «ប្រធានាធិបតីបានបង្កើតយន្តការមួយដើម្បីកើបយកលុយជាង៥៤៥,៦ ពាន់លានប៉េសូ ឬ ៩,២ ពាន់លានដុល្លារអាមេរិក ពីមូលនិធិគ្រប់គ្រងទឹកជំនន់ ដោយបញ្ជូនប្រាក់ទាំងនោះទៅក្នុងដៃពួកអ្នកស្នងតំណែង និងអ្នកម៉ៅការដែលខ្លួនពេញចិត្ត និងបំលែងថវិកាសាធារណៈទៅជាឃ្លាំងសម្ងាត់ឯកជន សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៥ (ពាក់កណ្តាលអាណត្តិ)»។
ញត្តិនេះ ក៏បានចោទប្រកាន់ផងដែរថា លោក ម៉ាកូស បានទាមទារប្រាក់សំណូកដោយផ្ទាល់ពីគម្រោងទាំងនោះ។ ទោះយ៉ាងណាក៏ដោយ ការចោទប្រកាន់ទាំងនេះ ភាគច្រើនផ្អែកលើសក្ខីកម្មមិនទាន់បានផ្ទៀងផ្ទាត់ពីអតីតសមាជិកសភាម្នាក់ដែលបានចាកចេញពីប្រទេសហ្វីលីពីន ខណៈពេលកំពុងស្ថិតក្រោមការស៊ើបអង្កេត។
សេចក្តីសង្ខេបក៏បានសង្កត់ធ្ងន់ផងដែរថា ប្រធានាធិបតីមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងរឿងអាស្រូវពុករលួយដ៏ធំមួយ ដែលធ្វើឱ្យការចោទប្រកាន់ចាំបាច់ឱ្យលោកទទួលខុសត្រូវ ខណៈប្រជាជនត្រូវបានគេប្លន់ជាប្រព័ន្ធ។
ពីមុនលោកប្រធានាធិបតី ម៉ាកូស បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកជាអ្នកដែលបាននាំយកបញ្ហានៃគម្រោងខ្មោចមកបំភ្លឺ និងជំរុញឱ្យមានការស៊ើបអង្កេត នាំឱ្យមានការចុចឈ្មោះម្ចាស់អាជីវកម្មសំណង់ជាច្រើន មន្ត្រីរដ្ឋាភិបាល និងសមាជិកសភាមួយចំនួន។ ដ្បិតញត្តិចោទប្រកាន់លើកទី២ ប្រឆាំងនឹងលោកកើតឡើងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។
យោងតាមរដ្ឋធម្មនុញ្ញហ្វីលីពីន ពលរដ្ឋណាម្នាក់មានសិទ្ធិដាក់ញត្តិចោទប្រកាន់ ដរាបណាពួកគេត្រូវបានគាំទ្រ និងឧបត្ថម្ភដោយសមាជិកសភាយ៉ាងហោចណាស់ម្នាក់ក្នុងចំណោមសមាជិកសភាជាង៣០០នាក់៕
ចែករំលែកព័តមាននេះ