ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ព្រមឱ្យ​ចិន​បន្ត​ទិញ​ប្រេង​ឆៅ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ប៉ុន្តែ​មាន​លក្ខខណ្ឌ

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ មន្ត្រី​អា​មេ​រិ​ក​ម្នាក់ ​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ បាន​បង្ហើប​ថា រដ្ឋបាល​លោកត្រាំ កំពុង​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ទិញ​ប្រេង​ឆៅ​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ប៉ុន្តែ​មាន​លក្ខខណ្ឌ​ត្រូវ​ទិញ​តាម​តម្លៃ​ទីផ្សារ​ជំនួស​ឱ្យ​តម្លៃ​ទាប​ជាង​ទីផ្សារ​…

សហរដ្ឋអាមេរិក ៖ មន្ត្រី​អា​មេ​រិ​ក​ម្នាក់ ​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ បាន​បង្ហើប​ថា រដ្ឋបាល​លោកត្រាំ កំពុង​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ទិញ​ប្រេង​ឆៅ​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ប៉ុន្តែ​មាន​លក្ខខណ្ឌ​ត្រូវ​ទិញ​តាម​តម្លៃ​ទីផ្សារ​ជំនួស​ឱ្យ​តម្លៃ​ទាប​ជាង​ទីផ្សារ​ ដែល​ចិន​ធ្លាប់​ទិញ​ពី​មុន ពោល​គឺ​នៅ​មុន​ពេល​សហរដ្ឋអាមេរិក​ដក​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ចេញពី​តំណែង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

មន្ត្រី​រដ្ឋបាល​រូប​នោះបង្ហើប​ប្រាប់ Reuters នៅ​ក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​ឈ្មោះ​ថា ខណៈ​ពេល​ដែល​ប្រេង​ឆៅ​នឹង​ត្រូវ​លក់​ក្នុង​ទីផ្សារ​ពិភពលោក រដ្ឋបាល​លោក ត្រាំ បាន​ទាមទារ​ឱ្យ​ប្រេង​ឆៅ​ភាគច្រើន​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ទីផ្សារ​ក្នុងស្រុក​របស់​សហរដ្ឋអាមេរិក ដើម្បី​ធានា​ការ​ផ្គត់ផ្គង់ និង​ការពារ​តម្លៃ ​។

ស្រប​ទៅ​តាម​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ហើយ​ថា នឹង​គ្រប់គ្រង​ការ​លក់​ប្រេង​ឆៅ​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដោយ​គ្មាន​កំណត់ បន្ទាប់​ពី​ចាប់ខ្លួន​លោក ម៉ា​ឌូ​រ៉ូ នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦​។ លោក ត្រាំ ក៏​បាន​បញ្ជាក់​ថា ប្រទេស​ចិន រុ​ស្ស៊ី ឬ​ប្រទេស​ដទៃ​ទៀត​មាន​សិទ្ធិ​ទិញ​ប្រេង​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដរាបណា​ឆ្លងកាត់​សហរដ្ឋអាមេរិក​។

មន្ត្រី​អា​មេ​រិ​ក​រូប​នោះ​បាន​និយាយ​ថា រដ្ឋបាល​លោកត្រាំ កំពុង​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ទិញ​ប្រេង​ឆៅ​ក្នុង​តម្លៃ​ទីផ្សារ​សមរម្យ មិនមែន​តម្លៃ​អយុត្តិធម៌ និង​ទាប​ជាង​ទីផ្សារ ដែល​លោក ម៉ា​ឌូ​រ៉ូ បាន​លក់​ទៅ​ឱ្យ​ប្រទេស​ចិន​ដើម្បី​សងបំណុល​នោះ​ទេ​។

ប្រទេស​ចិន គឺជា​អ្នកទិញ​ប្រេង​កំពូល​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការ​លក់​ទៀត​សោត​បាន​ជួយ​ទីក្រុង​កា​រ៉ា​កាស (Caracas) សង​ប្រាក់​កម្ចី​យ៉ាងច្រើន​ដល់ទី​ក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ប្រេង សម្រាប់​ដោះបំណុល​។

គួរ​រំលឹក​ថា រដ្ឋមន្ត្រីក្រសួង​ថាមពល​អា​មេ​រិ​ក លោក​គ្រី​ស រ៉ា​យ​ត៍ (Chris Wright) កាលពីស​ប្តា​ហ៍​មុន បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​លក់​ប្រេង​ឆៅ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ប្រហែល៤៥ដុល្លារ​ក្នុង​១​បារ៉ែល បើ​ធៀប​ទៅ​នឹង​តម្លៃ​ប្រហែល៣១ដុល្លារ​/​បារ៉ែល ដែល​ប្រទេស​នៅ​អា​មេ​រិ​កឡា​ទី​ន​មួយ​នេះ​ទទួល​បាន​ក្រោម​ការ​ដឹកនាំ​របស់​លោកម៉ា​ឌូ​រ៉ូ ដូច្នេះ​ បង្ហាញ​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ប្រាក់​ចំណូល​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ពី​ការ​លក់​ប្រេង​ ។

ការ​កែសម្រួល​គោលនយោបាយ​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ឆ្ពោះទៅ​រក​ឧស្សាហកម្ម​ប្រេង​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​មាន​គោលបំណង​ទាំង​កំណត់​ឥទ្ធិពល​របស់​ចិន និង​បង្កើន​តម្លៃ​នាំ​ចេញ​ប្រេង​ឱ្យ​បាន​អតិបរមា​សម្រាប់​ប្រទេស​មួយ​នេះ និង​ដៃគូ​លោក​ខាងលិច​របស់​ខ្លួន​ ៕

Chinese President Xi Jinping arrives for a ceremony at the Monument to the People’s Heroes on Tiananmen Square to mark Martyrs’ Day, in Beijing, China September 30, 2021. REUTERS/Carlos Garcia Rawlins/Files

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ