គម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគសរុបតម្លៃ៣៩៥លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤.១៦០កន្លែងបានត្រូវលើកមកពិភាក្សា ដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឥសាន្តកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ។
កិច្ចប្រជុំនេះ ត្រូវបានគេដឹងថា ដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គម្រោងទាំងនេះ ត្រូវបានគេដឹងថា ៥នៅខេត្តក្រចេះ, ១០នៅខេត្តស្ទឹងត្រែង, ២នៅខេត្តរតនគិរី និង ៥នៅខេត្តមណ្ឌលគិរី ។
គម្រោងទាំងនេះរួមមាន គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម, គ្រឹះស្ថានឧត្តម សិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ,
កសិដ្ឋានដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផល ដូចជាកៅស៊ូ គ្រាប់ ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ ។
លោក ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា បានណែនាំឱ្យក្រុមការងារខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈយន្តការ «ច្រកចេញចូលតែមួយ»និងអភិក្រម
«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងគោរពគោលការណ៍ចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
កាលពីឆ្នាំ២០២៥ កន្លងទៅ បណ្តាខេត្តនៅភូមិភាគឥសាន្ត បានអនុម័តគម្រោងវិនិយោគចំនួន ១៣ ដែលមាន៦គម្រោងនៅខេត្តក្រចេះ, ៤គម្រោងនៅខេត្តមណ្ឌលគិរី, និង៣គម្រោងនៅខេត្តរតនគិរី ជាមួយនឹងទុនវិនិយោគសរុប៦៦៨,៧ លានដុល្លារ និង អាចបង្កើតការងារថ្មីប្រមាណ ១២.៧៧៧កន្លែង ។
ចែករំលែកព័តមាននេះ