បរទេស ៖ មាសអន្តរជាតិបានទម្លុះតម្លៃ ៤ ៩០០ ដុល្លារក្នុង១អោន ឬ ៥ ៩០៣ ដុល្លារក្នុង១តម្លឹងជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ កាលពីយប់ថ្ងៃ២២ ខែមករា ឆ្នាំ២០២៦ ដែលជំរុញដោយភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត ចំពេលតម្លៃប្រាក់ដុល្លារអាមេរិកកាន់តែធ្លាក់ចុះ បូករួមទាំងការរំពឹងទុកកាន់តែខ្លាំងឡើងនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed)។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
បើទោះបីជាទម្លុះតម្លៃ ៤ ៩០០ ដុល្លារ/អោនហើយក៏ពិតមែន ប៉ុន្តែតម្លៃមាសអន្តរជាតិនៅតែបន្តកើនឡើងបន្ថែមទៀត ដោយព្រឹកព្រលឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ តម្លៃបានហក់ឡើងដល់ ៤ ៩៦៤ ដុល្លារ/អោន ឬ ៥ ៩៨០ ដុល្លារ/តម្លឹងជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន មុនពេលរក្សាតម្លៃនៅត្រឹម ៤ ៩៦០ ដុល្លារ/អោន ឬ ៥ ៩៧៥ ដុល្លារ/តម្លឹង គិតត្រឹមម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃដដែល (ម៉ោងនៅកម្ពុជា)។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២២ ខែមករា កន្លងទៅ បានអះអាងថា លោកធានាបានសិទ្ធិចូលប្រើប្រាស់ទាំងស្រុង និងជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកនៅកោះហ្គ្រីនឡែន (Greenland) នៅក្នុងកិច្ចព្រមព្រៀងជាមួយអង្គការណាតូ (NATO) នៅពេលដែលប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ លោក ម៉ាក រុត្តេ (Mark Rutte) បានថ្លែងថា សម្ព័ន្ធមិត្តនឹងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះសន្តិសុខតំបន់អាក់ទិក ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសរុស្ស៊ី និងចិន។
ទោះយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងណាមួយមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយប្រទេសដាណឺម៉ាកបានទទូចថា អធិបតេយ្យភាពរបស់ខ្លួនលើកោះហ្គ្រីនឡែន មិនមែនជារឿងដែលត្រូវយកមកពិភាក្សានោះទេ។
ជាមួយគ្នានោះ ទីផ្សារសកលកំពុងផ្តោត និងរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងអនុវត្តការកាត់បន្ថយអត្រាការប្រាក់ពីរភាគបួនភាគរយ (2/4 %) នៅក្នុងពាក់កណ្តាលឆ្នាំនេះ ដែលបង្កើនភាពទាក់ទាញសម្រាប់លោហៈធាតុមាសដែលគ្មានទិន្នផល និងត្រូវបានចាត់ទុកជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត អំឡុងពេលកើតមានភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ៕



ចែករំលែកព័តមាននេះ