ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាបន្ទាប់ពីជួបពិភាក្សាជាមួយលោកត្រាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីសរួចមក លោកទាំង២បានឯកភាពសម្រេចយកជាបានការនូវលក្ខខណ្ឌស្ដីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ទោះជាយ៉ាងណាក្ដី បញ្ហាដ៏សំខាន់មួយទៀតពាក់ព័ន្ធនឹងបញ្ហាបូរណភាពទឹកដីនៅតែមិនទាន់ដោះស្រាយចេញនៅឡើយទេ។

លោកហ្សេឡិនស្គីចាត់ទុកថាយ៉ាងហោចណាស់នេះជាសញ្ញាវិជ្ជមានមួយដែលថាការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជិត៤ឆ្នាំកំពុងធ្វើដំណើរទៅមុខជានិច្ច។ លោកថាក្រុមអ្នកចរចារបស់រុស្ស៊ី, អ៊ុយក្រែន និងអាមេរិកនឹងជួបគ្នាត្រីភាគីជាលើកដំបូងនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួមនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ។ លោកអះអាងថាបញ្ហាមួយទៀតពាក់ព័ន្ធនឹងការស្ដារសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញក្រោយពេលចប់សង្គ្រាមក៏សឹងតែចរចាជិតត្រូវរ៉ូវគ្នាផងដែរ។

ភាគីទាំង២អះអាងថាដំណើរការចរចាមានសញ្ញាវិជ្ជមាន
លោកហ្សេឡិនស្គី និងលោកត្រាំចាត់ទុកថាការជួបគ្នាកាលពីយប់មិញនោះមានលទ្ធផលជាវិជ្ជមាន។ លោកត្រាំយល់ថាកិច្ចជំនួបនោះប្រព្រឹត្តទៅនៅក្នុងបរិយាកាសល្អ។ លោកថានេះជាការចរចាដែលកំពុងដំណើរការ។ ប្រេសិតពិសេសរបស់លោកកំពុងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ នៅពេលអ្នកសារព័ត៌មានសួរថាតើលោកមានសារនយោបាយអ្វីផ្ដាំផ្ញើទៅលោកពូទីនដែរឬទេ លោកត្រាំឆ្លើយតបថា «ត្រូវតែបញ្ចប់សង្គ្រាម»។

លោកហ្សេឡិនស្គីកំពុងប្រឈមនឹងបញ្ហាខ្វះខាតថាមពលសម្រាប់ប្រើប្រាស់នៅក្នុងស្រុកព្រោះរុស្ស៊ីបន្តវាយប្រហារតាមអាកាសជាប់ជានិច្ច ធ្វើឱ្យប្រជាជនទូទាំងរដ្ឋធានីកៀវ និងតំបន់ដទៃទៀតគ្មានអ្វីសម្រាប់ដុតកម្ដៅខ្លួននៅរដូវរងា។ លោកហ្សេឡិនស្គីចោទប្រកាន់ថាយុទ្ធនាការវាយប្រហាររយៈពេលជាច្រើនខែមកនេះជាការប៉ុនប៉ងរបស់លោកពូទីនដើម្បីធ្វើឱ្យប្រជាជនអ៊ុយក្រែនកកស្លាប់តែម្ដង។

និយាយរំលឹកទៅដល់ព្រឹត្តិការណ៍ដែលអាមេរិកបញ្ជូនយោធាទៅចាប់ខ្លួនលោកម៉ាឌូរ៉ូដល់ក្នុងវិមានរបស់គាត់ និងដឹកទៅកាត់ទោសនៅទីក្រុងញូយ៉ក ហ្សេឡិនស្គីដាក់ជាចម្ងល់ថាតើពូទីនអង្កាល់បានគេចាប់យកទៅកាត់ទោស? ប្រេសិតពិសេសរបស់លោកត្រាំគឺលោកស្ទីវវីតខូស (Steve Witkoff) បានជួបគ្នាត្រីភាគីជាមួយគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។ ក្រោយមក លោកវីតខូសថ្លែងប្រាប់អ្នកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូសថាការចរចាសន្តិភាពនៅអ៊ុយក្រែនកំពុងដំណើរការយ៉ាងល្អ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ