ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការងារ ស្នើឱ្យអ្នកលេងបណ្តាញសង្គមជួយផ្តល់ព័ត៌មានអំពីយុវជនម្នាក់ដែលត្រាច់ចរតែឯងមកភ្នំពេញរកការងារធ្វើមិនទាន់បាន ដើម្បីក្រសួងផ្តល់ការងារជូន

1 នាទី មុន

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី ២២ ខែមករា…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ នេះ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ជួយផ្តល់ព័ត៌មានអំពីយុវជនមួយរូបដែលល្បីលើបណ្តាញសង្គមហ្វេសប៊ុកថាមកភ្នំពេញតែឯងរកការងារធ្វើមិនបាន មកក្រសួងការងារ ដើម្បីក្រសួងការងារអន្តរាគមន៍ជួយរកការងារធ្វើបានលឿនរហ័ស និងទាន់ពេលវេលា ។

លោកថ្លែងថា ៖ «សូមអ្នកប្រើប្រាស់បណ្តាញសង្គមដែលឃើញករណីនេះ សូមជួយប្រាប់ទៅយុវជនម្នាក់នោះឱ្យទាក់ទងមកលេខ ១២៩៧ ឬផ្តល់ព័ត៌មានអំពីយុជននោះមកក្រសួង ដើម្បីក្រសួងការងារជួយសម្របសម្រួលរកការងារឱ្យធ្វើឱ្យបានលឿនរហ័សទៅតាមចំណេះជំនាញរបស់គាត់ ប៉ុន្តែបើសិនណាជាគាត់មិនទាន់មានជំនាញទេនោះ ក្រសួងនឹងជួយឱ្យគាត់បានរៀនជំនាញ ដែលគាត់ចង់រៀនដើម្បីធានាថា គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ» ។

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចែករំលែកអំពីព័ត៌មានយុវជនមួយរូបអាយុ ១៦ឆ្នាំ បានមកលុតជង្គង់តាមផ្លូវម្នាក់ឯងដោយសារតែមករកការងារធ្វើនៅភ្នំពេញពុំទាន់បាន កាលពីល្ងាចថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ។

បើតាមលោកស៊ុន មេសា ការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែនជួយតែយុវជនមួយរូបនោះទេ ពោលគឺ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើផ្សេងៗទៀត ក៏ក្រសួងរង់ចាំជួយសម្របសម្រួលក្នុងការស្វែងរកការងារធ្វើឱ្យបានលឿនរហ័សផងដែរ ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន អតីតពលករមកពីប្រទេសថៃ ឬអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់ សូមឱ្យទាក់ទងមកលេខ ១២៩៧ ឬទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ដើម្បីឱ្យមន្ត្រីក្រសួងជួយស្វែងរកការងារជូន ៕ អត្ថបទសហការ