រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកចរាចរណ៍ឡើងវិញលើផ្លូវព្រះមុនីរ៉េតនាពេលថ្ងៃ ដើម្បីសម្រួលលំហូរចរាចរណ៍ ក្រោយរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរបានជោគជ័យ ។
ជាក់ស្តែងបើយោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ៖ បន្ទាប់ពីរៀបចំអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានបើកឱ្យចរាចរណ៍នៅផ្លូវព្រះមុនីរ៉េត នាពេលថ្ងៃ ដើម្បីបើក និងសម្រួលលំហូរចរាចរណ៍សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។
ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចើមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ និងអ្នកធ្វើដំណើរទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរ និងសូមការអធ្យាស្រ័យខ្ពស់ ចំពោះការរំខានណាមួយដែលកើតឡើងក្នុងអំឡុងពេលនៃការដ្ឋានស្ថាបនានេះ ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង និងមានសណ្តាប់ធ្នាប់ល្អ ៕


ចែករំលែកព័តមាននេះ