រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកបានអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ នេះបើយោងតាមសារលិខិតរបស់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនាយប់ថ្ងៃទី២១ ខែមករា នេះ ។
ក្នុងសារលិខិត ឯកឧត្តម ដូណាល់ ត្រាំ បានអញ្ជើញជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមអន្តរជាតិថ្មីមួយ ដែលមានគោលបំណងលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក ។
ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកបានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានប្រកាស «ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា» ដែលជាផែនទីចង្អុលផ្លូវមាន២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយលេខ២៨០៣ ដោយភាគច្រើនលើសលប់ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ ។
យោងតាមឯកឧត្តមប្រធានាធិបតីដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើមនេះ គឺការបង្កើត«ក្រុមប្រឹក្សាសន្តិភាព» (The Board of Peace) ដែលជាស្ថាប័នអន្តរជាតិថ្មី និងអាជ្ញាធរគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីអនុវត្តផែនការសម្របសម្រួលដ៏ទូលំទូលាយ និងកសាងសន្តិភាពយូរអង្វែង ។
ឯកឧត្តមប្រធានាធិបតីត្រាំ ដែលនឹងធ្វើជាប្រធានក្រុមប្រឹក្សានេះ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ «ក្រុមប្រឹក្សាសន្តិភាព»។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។
លិខិតបានបញ្ជាក់ថា រដ្ឋសមាជិកនីមួយៗ អាចតែងតាំងតំណាងដែលមានសិទ្ធិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ។ ផែនការសម្របសម្រួលដ៏ទូលំទូលាយ និងធម្មនុញ្ញរបស់ «ក្រុមប្រឹក្សាសន្តិភាព» ត្រូវបានភ្ជាប់ជាមួយលិខិតអញ្ជើញ ហើយបើកចំហសម្រាប់ការចុះហត្ថលេខា និងការអនុម័ត ។
ឯកឧត្តមប្រធានាធិបតី ត្រាំ បានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក ។
ចែករំលែកព័តមាននេះ