ប្រទេសអេស្ប៉ាញ ៖ គ្រោះថ្នាក់រថភ្លើងថ្មីមួយទៀតកើតមាននៅអេស្ប៉ាញ កាលពីយប់ថ្ងៃទី២០ មករា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់៤នាក់ ២ថ្ងៃបន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងលឿន២បុកគ្នានៅអានដាម៉ូសតំបន់អានដាលូហ្ស៊ី បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៤២នាក់ និងរបួសជាង១២០នាក់មក ។
រថភ្លើងជាយក្រុងមួយរត់ទៅកាន់ទីក្រុងបាសឺឡោន កាលពីថ្ងៃទី២០ មករា បានបុកបណ្ដាបំណែកជញ្ជាំងមួយដែលបាក់ធ្លាក់លើផ្លូវដែកនៅជិតហ្ស័រលីដា ម្ងាយប្រមាណជា៤០គីឡូម៉ែត្រពីទីក្រុងបាសឺឡោន ។ ក្រុមហ៊ុនគ្រប់គ្រងបណ្ដាញផ្លូវដែកជាតិគូសបញ្ជាក់ថា ការបាក់ជញ្ជាំងនោះ មកពីព្យុះនិងភៀ្ងដែលវាយប្រហារលើផ្នែកដ៏ធំនៃតំបន់នោះ ។
អ្នកទទួលខុសត្រូវម្នាក់របស់ក្រុមអ្នកជួយសង្គ្រោះនិយាយថា មនុស្សម្នាក់បានត្រូវស្លាប់និង៣៧នាក់រងរបួស ក្នុងនោះ ៤នាក់របួសធ្ងន់ ។ អ្នកទទួលខុសត្រូវរូបនេះបញ្ជាក់ថា អ្នកដំណើរភាគច្រើនស្ថិតក្នុងទូមុខគេ ហើយអ្នកស្លាប់ជាអ្នកបើករថភ្លើងនោះ ។
គ្រោះថ្នាក់រថភ្លើងថ្មីនេះ កើតមានពេលអេស្ប៉ាញកំពុងកាន់ទុក្ខបណ្ដាអ្នកស្លាប់ដោយរថភ្លើងលឿនដឹកអ្នកដំណើរ២បុកគ្នា កាលពីថ្ងៃទី១៨មករានៅជិតក្រុងគ័រឌូ ដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ។
នាថ្ងៃទី២០ មករា ជាថ្ងៃដំបូងនៃការកាន់ទុក្ខជាតិ៣ថ្ងៃ ព្រះមហាក្សត្រអេស្ប៉ាញហ្វេលីបទី៦ និងព្រះមហាក្សត្រីយានីលីទីស្យា បានយាងទៅកាន់អាដាមូស ដើម្បីសម្ដែងមរណៈទុក្ខរួមជាមួយសាច់ញាតិជនរងគ្រោះ និងជួបជាមួយបណ្ដាអ្នកដែលរួចរស់រានមានជីវិតពីគ្រោះថ្នាក់នោះ ៕
ចែករំលែកព័តមាននេះ