រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អង្គការការងារអន្តរជាតិ (ILO) បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយកម្ពុជាពង្រឹងសេដ្ឋកិច្ចថែទាំកុមារ តាមរយៈការផ្តល់ជំនួយបច្ចេកទេសលើការរៀបចំគោលនយោបាយថែទាំជាតិ និងការជំរុញបង្កើតមជ្ឈមណ្ឌលថែទាំកុមារដែលដឹកនាំដោយវិស័យឯកជន និងសហករណ៍។
បើតាមផ្សាយរបស់ក្រសួងអប់រំ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅប្រែក្លាយវិស័យថែទាំឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ តាមរយៈគំនិតផ្តួចផ្តើមនេះ កម្មករនិយោជិតនឹងកាត់បន្ថយបាននូវបន្ទុកថែទាំក្នុងគ្រួសារដោយមានកន្លែងផ្ញើកូនដែលទុកចិត្ត ចំណែកនិយោជកនឹងទទួលបាននូវផលិតភាពការងារខ្ពស់ពីបុគ្គលិក ខណៈសង្គមទាំងមូលនឹងទទួលបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍យ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ដោយចាត់ទុកថាជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការបើកឱកាសពេញលេញដល់យុវជន និងស្ត្រីក្នុងទីផ្សារការងារកម្ពុជា៕
ចែករំលែកព័តមាននេះ