ប្រទេសអេស្ប៉ាញ៖ អ្នកបើកបររថភ្លើងម្នាក់បានបាត់បង់ជីវិត និងអ្នកដំណើរយ៉ាងហោចណាស់ ១៥ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានធ្លាក់ផ្លូវ និងបុកទង្គិចយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃអង្គារ នៅក្បែរទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២១ ខែមករានេះ។
យោងតាមអាជ្ញាធរមូលដ្ឋាន ហេតុការណ៍នេះបានកើតឡើងដោយសារជញ្ជាំងទប់ដីបានបាក់ស្រុតធ្លាក់មកលើផ្លូវដែក បង្កឱ្យរថភ្លើងបុកទង្គិចពេញទំហំ ខណៈដែលក្រុមសង្គ្រោះបន្ទាន់ រួមទាំងរថយន្តសង្គ្រោះ និងក្រុមពន្លត់អគ្គិភ័យជាច្រើន កំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នកដែលជាប់គាំងនៅក្នុងទូរថភ្លើង។
គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងចំពេលដែលអាកាសធាតុអាក្រក់ និងព្យុះយ៉ាងខ្លាំងកំពុងវាយប្រហារភាគឦសាននៃប្រទេសអេស្ប៉ាញ ដែលបង្កឱ្យមានការប្រកាសអាសន្នខ្ពស់នៅតាមតំបន់ឆ្នេរជាច្រើន។ អ្វីដែលកាន់តែខ្លោចផ្សានោះ គឺហេតុការណ៍ធ្លាក់ផ្លូវនេះបានកើតឡើងត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីរថភ្លើងល្បឿនលឿន ២ ខ្សែបុកគ្នាដ៏អាក្រក់បំផុតក្នុងតំបន់អាន់ដាលូស៊ី ដែលបានសម្លាប់មនុស្សរហូតដល់ ៤២ នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕
ចែករំលែកព័តមាននេះ