ទីក្រុងដាវ៉ូស, ប្រទេសស្វីស៖ លោកដូណាល់ត្រាំនៅតែបញ្ជាក់ថាលោកនឹងមិនដកថយជាដាច់ខាតនៅក្នុងគម្រោងគ្រប់គ្រងកោះហ្គ្រីនលែនទោះបីនៅក្នុងតម្លៃណាក៏ដោយ។ លោកមិនដែលបដិសេធការប្រើកម្លាំងយោធាឡើយ ហើយឥឡូវនេះ រដ្ឋបាលរបស់លោក និងក្រុមប្រទេសនៅអឺរ៉ុបដែលធ្លាប់ជាសម្ព័ន្ធមិត្តជាមួយគ្នាចាប់ផ្ដើមមើលមុខគ្នាលែងចំ។ ប្រទេសនៅអឺរ៉ុបយ៉ាងតិច៨ប្រកាសរួបរួមគ្នាជាមួយហ្គ្រីនលែន និងដាណឺម៉ាកបើសិនទៅថ្ងៃមុខផ្ទុះមានសង្គ្រាមផ្ទុះឡើង។ ពួកគេក៏បានបញ្ជូនកងទ័ពទៅឈរជើងនៅលើកោះនោះ និងធ្វើសមយុទ្ធយោធាជាបណ្ដើរៗផងដែរ។

បន្ទាប់ពីសន្ទនាគ្នាជាមួយអគ្គលេខាធិការអង្គការណាតូរួច លោកត្រាំថ្លែងថា «ដូចដែលលោកបានបញ្ជាក់ប្រាប់អ្នករាល់គ្នាហើយគឺថាកោះហ្គ្រីនលែនមានសារសំខាន់ជាអាយុជីវិតសម្រាប់សន្តិសុខជាតិ (អាមេរិក) និងសន្តិភាពពិភពលោក»។ លោកថ្លែងថាគម្រោងរបស់លោកមិនអាចប្រែក្រឡាស់វិញជាដាច់ខាត។ រឿងនេះមនុស្សគ្រប់គ្នាដឹងឮទាំងអស់គ្នាហើយ។

លោកត្រាំបានបង្ហោះរូបថតសន្លឹកដែលបម្លែងតាមប្រព័ន្ធអេអាយបង្ហាញរូបលោកស្ថិតនៅលើកោះហ្គ្រីនលែន កាន់ទង់ជាតិអាមេរិក។ រូបខ្លះទៀតបង្ហាញរូបលោកនិយាយជាមួយមេដឹកនាំប្រទេសមួយចំនួនក្បែរផែនទីមួយផ្ទាំងដែលបង្ហាញថាប្រទេសកាណាដា និងហ្គ្រីនលែនក្លាយជាទឹកដីអាមេរិក។ ពេលខ្លះ លោកបញ្ចេញសារសម្ងាត់នានា ដូចជាសាររបស់ប្រធានាធិបតីបារាំង លោកម៉ាក្រុង ដែលចោទជាសំណួរថាតើលោកត្រាំកំពុងធ្វើអ្វីនៅលើកោះហ្គ្រីនលែន?

ប្រទេសនៅអឺរ៉ុបចំនួន៨ដែលហ៊ានចេញមុខប្រឆាំងនឹងផែនការរបស់លោកត្រាំត្រូវលោកប្រកាសដំឡើងពន្ធ១០%ចាប់ពីខែកុម្ភៈតទៅ។ បន្ទាប់មក នៅដើមខែមិថុនានឹងដំឡើង២៥%ដោយឥតកំណត់ពេលវេលាទេរហូតដល់អាមេរិកទិញបានកោះហ្គ្រីនលែន។ ដោយឡែក សម្រាប់ស្រាសាំប៉ាញ និងស្រាទំពាំងបាយជូររបស់បារាំងត្រូវលោកត្រាំដំឡើងពន្ធដល់២០០%។ សហភាពអឺរ៉ុបក៏ត្រៀមចាត់វិធានការវាយបកវិញផងដែរ។ នៅក្នុងចំណោមវិធានការទាំងនោះមានការដំឡើងពន្ធលើទំនិញអាមេរិកដើម្បីប្រមូលលុយឱ្យបាន១០៩ពាន់លានដុល្លារត្រឡប់មកវិញ។ វិធានការនេះអាចអនុវត្តចាប់ពីថ្ងៃទី៦ ខែកុម្ភៈតទៅ។

ការដែលលោកត្រាំចង់គ្រប់គ្រងកោះហ្គ្រីនលែនមិនត្រឹមតែធ្វើឱ្យរង្គាសចិត្តនៅក្នុងចំណោមក្រុមសម្ព័ន្ធមិត្តប៉ុណ្ណោះទេ សូម្បីតែប្រទេសរុស្ស៊ីក៏ចាប់អារម្មណ៍នឹងបញ្ហានេះផងដែរ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូស (Sergei Lavrov) ថ្លែងថាហ្គ្រីនលែនមិនមែនជាដែនដីរបស់ដាណឺម៉ាកតាំងពីដើមមកទេ។ ម៉្យាងទៀត លោកក៏សូមបញ្ជាក់ផងដែរថារុស្ស៊ីគ្មានផែនការគ្រប់គ្រងកោះហ្គ្រីនលែនទេ។ លោកថារដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហ្គ្រីនលែនទេ។ លោកថាហ្គ្រីនលែនមិនមែនជាទឹកដីរបស់ដាណឺម៉ាក ហើយក៏មិនមែនជាទឹកដីរបស់ន័រវេតាំងពីដើមមកទេ។ ការភ្ជាប់កោះនេះទៅដាណឺម៉ាកគឺតាមរយៈការដាក់អាណានិគម។ យូរៗទៅ អ្នករស់នៅលើកោះនេះក៏ភ្លេចអតីតកាល ហើយទទួលស្គាល់ថាខ្លួនជាផ្នែកមួយរបស់ដាណឺម៉ាក៕ ប្រភព៖ រ៉យទ័រ (Reuters) និងឆេនណល ញូស៍ អេស៊ា (Channel News Asia)
ចែករំលែកព័តមាននេះ