ទីក្រុងគូឡាឡាំពួរ៖ សមាជិកទាំង១១ប្រទេសនៃសមាគមអាស៊ាននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួនទៅឃ្លាំមើលដំណើរការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាដែលមានបីដំណាក់កាលនោះទេ។ យោងតាមន័យនេះ អាស៊ាននឹងមិនអនុម័តទទួលស្គាល់ថាការបោះឆ្នោតនេះប្រព្រឹត្តទៅល្អ ឬអាក្រក់នោះដែរ។ ខាងលើនេះជាការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

ចាប់តាំងពីមានរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១មកទល់នឹងពេលនេះជិត៥ឆ្នាំហើយ មីយ៉ាន់ម៉ារស់នៅមិនសុខបានសុខសប្បាយទេព្រោះមានចម្បាំងរាំងជល់នៅលើសមរភូមិជាច្រើនកន្លែង ប្រជាជនរត់លូន និងរស់នៅលំបាកវេទនាក៏ច្រើនដែរ។ ដូច្នេះ របបសឹករបស់លោកមីនអុងឡាំងសង្ឃឹថាការបោះឆ្នោតលើកនេះទោះបីអ្នកខ្លះរិះគន់ ឬសរសើរយ៉ាងណាក្ដីជាឱកាសដើម្បីរៀបចំស្រុកទេសឡើងវិញ។

ការបោះឆ្នោតដែលចាប់ផ្ដើមដំណាក់កាលទី១កាលពីចុងខែធ្នូនោះត្រូវមជ្ឈដ្ឋានខ្លះរិះគន់។ ក្នុងនោះមានអង្គការសហប្រជាជាតិ, ក្រុមបស្ចិមប្រទេស និងក្រុមសិទ្ធិមនុស្ស។ ពួកគេថានេះគ្រាន់តែជាឡប់ឡែដើម្បីបិទបាំងភ្នែកអន្តរជាតិ និងដើម្បីធ្វើឱ្យរបបដឹកនាំរបស់ក្រុមយោធាមើលទៅគ្រាន់បើជាងមិនបោះឆ្នោត។ ប៉ុន្តែរបបសឹកសូមបដិសេធការលើកឡើងបែបនេះ។ លោកមីនអុងឡាំងធ្លាប់អះអាងថាការបោះឆ្នោតលើកនេះមានភាពសេរី និងយុត្តិធម៌ជាងចុងឆ្នាំ២០២០ទៅទៀត។

លទ្ធផលឆ្នោតនៅដំណាក់កាលទីមួយបង្ហាញថាគណបក្សសាមគ្គី និងអភិវឌ្ឍជាតិរបស់ក្រុមយោធាទទួលបានសំឡេងគាំទ្រភាគច្រើនលើសលប់រហូតដល់៨៨%នៃអាសនៈនៅក្នុងសភា។ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថ្លែងនៅក្នុងរដ្ឋសភាថាអាស៊ានរបបសឹកបានស្នើសុំឱ្យអាស៊ានបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅឃ្លាំមើលការបោះឆ្នោតនេះ។ ប៉ុន្តែអាស៊ានមិនបានធ្វើតាមសំណូមពរនេះទេ។

មីយ៉ាន់ម៉ាស្នើសុំបែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅគូឡាឡាំពួរកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក្ដី ប្រទេសជាសមាជិកអាស៊ានខ្លះក៏បានបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅចូលរួមដែរ។ លោកមហាម៉ាត់ថ្លែងថាយើងជម្រាបជូនមីយ៉ាន់ម៉ាថាអាស៊ាននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅទេ។ តាមហេតុផលនេះ យើងនឹងមិនប្រកាសទទួលស្គាល់ថាការបោះឆ្នោតនេះមានលក្ខណៈបែបណាឡើយ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ