ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនរីករាយ​ត្រៀមខ្លួន​ជា​និច្ច សហការ និង​គាំទ្រ​ដល់​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

7 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​ចិន រីករាយ និង​ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​ធ្វើ​កិច្ចសហការ និង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​បង្ក្រាប និង​បោសសម្អាត​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ប្រទេស​កម្ពុជា​ ​នេះ​បើ​តាម​ឯកឧត្តម…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​ចិន រីករាយ និង​ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​ធ្វើ​កិច្ចសហការ និង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​បង្ក្រាប និង​បោសសម្អាត​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ប្រទេស​កម្ពុជា​ ​នេះ​បើ​តាម​ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ​លើក​ឡើង​នៅ​ក្នុង​ជំនួប ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ ​។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ចិន ​លើ​គ្រប់​វិស័យ​ និយាយ​ជា​រួម និង​ដោយឡែក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម ជា​ពិសេស​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​ក៏​មាន​ភាព​ជិត​ស្និទ្ធ និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ផង​ដែរ​ ។

ឯកឧត្តម​សន្តិ​បណ្ឌិត​ បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ជំហរ​រឹង​មាំ និង​ជាក់លាក់​ក្នុង​ការ​ដាក់​វិធានការ​បង្ក្រាប និង​បោសសម្អាត​ទីតាំង និង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏​ដូច​ជា​ការ​អនុវត្ត​នីតិវិធី​លើ​មេ​ខ្លោ​ង និង​គូកន​។ ទន្ទឹម​នេះ កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេសជា​ដៃគូ ដើម្បី​បន្ត​ធ្វើការ​រួម​គ្នា​អនុវត្ត​ប្រតិបត្តិការ​បង្ក្រាប​ប្រកបដោយ​សង្គតិភាព សំដៅ​ធ្វើ​យ៉ាងណា​កាត់ និង​បំបែកសម្បុក​ក្រុម​ឧក្រិដ្ឋជន​ឱ្យ​ដល់​ឬ​ស​គល់​ ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សមត្ថកិច្ច​កម្ពុជា ដែល​បាន​សហការ​ក្នុង​ការ​ចាប់ខ្លួន និង​បញ្ជូន​មេខ្លោង​ជនជាតិ​ចិន និង​គូកន ត្រលប់​ទៅ​ប្រទេស​ចិន ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត និង​ផ្តន្ទាទោស​។

ឯកឧត្តម ​បាន​សង្កត់ធ្ងន់​ថា កិច្ច​សហប្រតិបត្តិការ​នេះ ​ជា​សក្ខីកម្ម ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង ក៏​ដូច​ជា​លទ្ធផល​ជាក់ស្តែង​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទៅ​កាន់​សហគមន៍​អន្តរជាតិ ហើយ​វា​ក៏​សបញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​សមត្ថកិច្ច​កម្ពុជា និង​ចិន​ ផង​ដែរ​ ។

ឯកឧត្តម ​ក៏​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ផែនការ​ច្បាស់លាស់ ធ្វើ​ឱ្យ​អន្តរជាតិ​ មាន​ជំនឿ​ចិត្ត​ថា កម្ពុជា​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​សង្ឃឹមថា អាច​លុប​បំបាត់​ឧក្រិដ្ឋកម្ម​នេះ​បានជា​ដាច់ខាត​ ។

ឯកឧត្តម មាន​ជំនឿ​ជឿជាក់​លើ​ការ​ប្តេជ្ញា​ចិត្ត និង​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​អនុវត្ត​កិច្ចការ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ភាគី​ចិន រីករាយ និង​ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​ធ្វើ​កិច្ចសហការ និង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​បង្ក្រាប និង​បោសសម្អាត​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ប្រទេស​កម្ពុជា​ ។

មុន​នឹង​បញ្ចប់ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ​ ពាក់ព័ន្ធ​ស្ថានការណ៍ ក៏​ដូច​ជា​ជំហាន​បន្ទាប់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ