បរទេស ៖ មាសអន្តរជាតិទម្លុះតម្លៃ ៤ ៧០០ ដុល្លារក្នុង១អោន ឬ ៥ ៦៦២ ដុល្លារក្នុង១តម្លឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ខណៈដែលការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដាក់ពន្ធបន្ថែមលើបណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប បានធ្វើឱ្យទំនុកចិត្តសកលធ្លាក់ចុះ និងបង្កឱ្យតម្រូវការលោហៈធាតុដ៏មានតម្លៃមួយនេះកើនឡើងខ្លាំង។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
តម្លៃមាសអន្តរជាតិហក់ឡើងដល់បំបែកកំណត់ត្រាខ្ពស់បំផុត ៤ ៧២៥ ដុល្លារ/អោន ឬ ៥ ៦៩២ ដុល្លារ/តម្លឹង គិតត្រឹមម៉ោង ៣ និង ២០ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។
លោក ត្រាំ បានបង្កើនមហិច្ឆតារបស់លោក ដើម្បីដណ្តើមយកអធិបតេយ្យភាពលើកោះហ្គ្រីនឡែន (Greenland) ពីប្រទេសដាណឺម៉ាក ដែលជាប្រទេសសមាជិកអង្គការណាតូ (NATO) នាំឱ្យបណ្តាប្រទេសសហភាពអឺរ៉ុប (EU) ថ្លឹងថ្លែងការវាយបកវិញជាមួយនឹងវិធានការសងសឹកផ្ទាល់ខ្លួន។
តម្លៃមាសអន្តរជាតិបានកើនឡើងជាង ៧០% ចាប់តាំងពីលោក ត្រាំ ចាប់ផ្តើមអាណត្តិទី ២ របស់លោក កាលពីមួយឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៦ កត្តាមួយទៀត ដែលជំរុញតម្លៃមាសអន្តរជាតិ កើតឡើងចំពេលមានការព្រួយបារម្ភពាក់ព័ន្ធនឹងឯករាជ្យភាពធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ដោយតុលាការកំពូលសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ត្រូវបានរំពឹងថានឹងស្តាប់សំណុំរឿងមួយជុំវិញការប៉ុនប៉ងរបស់លោក ត្រាំ ក្នុងការបណ្តេញលោកស្រី Lisa Cook ចេញពីតំណែងអភិបាល Fed។
Fed ត្រូវបានរំពឹងថានឹងរក្សាអត្រាការប្រាក់នៅដដែល នៅក្នុងកិច្ចប្រជុំថ្ងៃទី ២៧-២៨ ខែមករា ខាងមុខនេះ បើទោះបីជាមានការអំពាវនាវរបស់លោក ត្រាំ ឱ្យកាត់បន្ថយអត្រាការប្រាក់យ៉ាងណាក៏ដោយ។
មាសដែលមិនផ្តល់ការប្រាក់ ជាធម្មតាតម្លៃតែងកើនឡើង អំឡុងពេលភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងអត្រាការប្រាក់ទាប។ ដ្បិតលោហៈដ៏មានតម្លៃមួយនេះ គឺជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត អំឡុងពេលមានភាពមិនប្រាកដប្រជាសកល៕


ចែករំលែកព័តមាននេះ