រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា បានរំលឹកឡើងវិញនូវរឿងរ៉ាវដ៏ស័ក្តិសិទ្ធិ និងគួរឱ្យស្ញប់ស្ញែងបំផុតមួយ ដែលត្រូវបានចារិកទុកជាប្រវត្តិសាស្ត្រនៅលើ«ដងសន្ទួច » នៃប្រាសាទព្រះវិហារ ។ ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ បុព្វបុរសខ្មែរបានបន្សល់ទុកនូវសារព្រមានដ៏មានឥទ្ធិពលនៅលើផ្ទាំងសិលាចារឹក ដើម្បីជាការដាស់តឿនដល់មនុស្សជាតិគ្រប់ជំនាន់ ។
ជាក់ស្តែលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ៖ «រឿងរ៉ាវនៃដងសន្ទួច និងបណ្តាសា ដែលព្រះបាទសុរិយាវរ្ម័នទី១ បានចារនៅលើសិលាចារិកប្រាសាទព្រះវិហារ «ជនដែលបំផ្លាញទីសក្ការៈបូជានេះនឹងត្រូវចុះទៅស្ថាននរក ឯអ្នកដែលខំថែរក្សាធ្វើឱ្យរីកចម្រើន នឹងឡើងទៅស្ថានសួគ៌» ។ កម្ពុជាអច្ឆរិយៈ»។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក នេត្រ ភក្ត្រា គឺជាការដាស់តឿនកូនខ្មែរឱ្យរួបរួមគ្នាថែរក្សាប្រាសាទព្រះវិហារ ក៏ដូចជា មរតកដូនតាដទៃទៀត ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត ដើម្បីសេចក្តីសុខ និងភាពរុងរឿងនៃមាតុភូមិយើង ៕



ចែករំលែកព័តមាននេះ