រាជធានីភ្នំពេញ ៖សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការទម្លាក់គ្រាប់បែករបស់ភាគីថៃ ។
បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះ កំពុងចុះវាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីដឹងពីទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏ដូចជា ផលប៉ះពាល់ជាក់ស្តែងលើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ស្តារឡើងវិញ នូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត ។
នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រុមការងារចំពោះកិច្ចកំពុងសិក្សានិងវាយតម្លៃលើផលប៉ះពាល់សំខាន់ ៣ គឺផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ដូចជា ទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម ។
ក្រៅពីនោះ ការបោសសម្អាតកាកសំណល់ និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះក៏ជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹកមុននឹងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនពលរដ្ឋភៀសសឹកផងដែរ ។ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក៏មានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងសប្បុរសជននានា តាមរយៈការផ្តល់ថវិកា សម្ភារៈ ដើម្បីជួយដល់បងប្អូនជនភៀសសឹក និងវីរកងទ័ព និងវីរកងនគរបាលជួរមុខ ។
ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយ ដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ ៕



ចែករំលែកព័តមាននេះ