ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មីក្រូវ៉េវផ្ដល់ភាពងាយស្រួល ប៉ុន្តែវាអាចក្លាយជាឧបករណ៍បង្កគ្រោះថ្នាក់ ប្រសិនបើអ្នកប្រើប្រាស់មិនបានប្រុងប្រយ័ត្នជាមួយអាហារមួយចំនួន។
ជាដំបូងគឺ ស៊ុត (ទាំងសំបក និងស៊ុតស្ងោរដែលនៅមូល) ព្រោះកម្ដៅនឹងបង្កើតសម្ពាធចំហាយទឹកយ៉ាងខ្លាំងនៅខាងក្នុង ដែលអាចបណ្ដាលឱ្យវាផ្ទុះខ្ទាតពេញមីក្រូវ៉េវ ឬផ្ទុះដាក់មុខរបស់អ្នកនៅពេលយកចេញមកក្រៅ។ បន្ទាប់មកគឺ ម្ទេស មិនថាស្រស់ ឬស្ងួតឡើយ ព្រោះកម្ដៅនឹងធ្វើឱ្យសារធាតុហឹរហួតចេញមកក្រៅ។ នៅពេលអ្នកបើកទ្វារមីក្រូវ៉េវ ចំហាយទាំងនោះនឹងធ្វើឱ្យរលាកភ្នែក និងប្រព័ន្ធដកដង្ហើម ដូចជាការប៉ះពាល់នឹងឧស្ម័នបង្ហូរទឹកភ្នែក។
ចំពោះ ផ្លែឈើស្រស់ (ដូចជាទំពាំងបាយជូរ ឬគីវី) កម្ដៅមិនត្រឹមតែបំផ្លាញវីតាមីន និងសារធាតុរ៉ែប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើខ្លះអាចបង្កើតជាផ្កាភ្លើងអគ្គិសនី និងបង្កឱ្យមានការផ្ទុះទៀតផង។ រីឯ ទឹកជ្រលក់ដែលមានកំហាប់ខ្ពស់ ដូចជាទឹកប៉េងប៉ោះ អាចនឹងផ្ទុះខ្ទាតចេញពីចាន ប្រសិនបើអ្នកមិនបានគ្រប ឬកូរវាឱ្យបានញឹកញាប់។
ជាចុងក្រោយគឺ សាច់កក ការប្រើមីក្រូវ៉េវដើម្បីរំលាយទឹកកកលើសាច់ដុំធំៗ អាចធ្វើឱ្យសាច់ឆ្អិនតែខាងក្រៅ តែខាងក្នុងនៅឆៅ ដែលជាកន្លែងផ្ដល់ឱកាសឱ្យបាក់តេរីលូតលាស់យ៉ាងលឿន និងបង្កឱ្យមានអាការៈរាករូស។
ការយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍នេះឱ្យបានត្រឹមត្រូវ នឹងជួយការពារអ្នកពីរបួសស្នាម និងរក្សាគុណភាពអាហារបានល្អ៕
ចែករំលែកព័តមាននេះ