ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ម៉ូតូ​នៅ​ស្វាយ​រៀង ឃើញ​បង្ហោះ​លក់​នៅ​ភ្នំពេញ ម្ចាស់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នាំទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ដោះ​លែង​វិញ

12 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ជាងភ្លើង​ម្នាក់ ​បាន​បាត់​ម៉ូតូ​១​គ្រឿង លុះ​២​ថ្ងៃ​ក្រោយមក​ឃើញ​គេ​បង្ហោះ​លក់​ម៉ូតូ​របស់​ខ្លួន​ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នៅ​ឯ​រាជធានី​ភ្នំពេញ ម្ចាស់​ម៉ូតូ​រូប​នោះ ក៏​ប្រើ​ល្បិច​ ធ្វើ​ជា​ទៅ​រក​ទិញ​…

រាជធានីភ្នំពេញ​ ៖ ជាងភ្លើង​ម្នាក់ ​បាន​បាត់​ម៉ូតូ​១​គ្រឿង លុះ​២​ថ្ងៃ​ក្រោយមក​ឃើញ​គេ​បង្ហោះ​លក់​ម៉ូតូ​របស់​ខ្លួន​ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នៅ​ឯ​រាជធានី​ភ្នំពេញ ម្ចាស់​ម៉ូតូ​រូប​នោះ ក៏​ប្រើ​ល្បិច​ ធ្វើ​ជា​ទៅ​រក​ទិញ​ ដល់ទី​តាំង​ដាក់​លក់​ម៉ូតូ​នោះ រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ​តែ​ម្ដង ។

ខណៈនោះ​ ជនសង្ស័យ​ និយាយ​ថា មាន​មិត្តភក្ដិ​ម្នាក់​ ផ្ញើ​ម៉ូតូ​នោះ ​ឲ្យ​ខ្លួន​ជួយ​លក់​ឲ្យ​ទេ ដោយ​ប្រាប់​ថា ​ជា​ម៉ូតូ​ដែល​តុលាការ​លក់​ឡាយឡុង ខ្លួន​មិនដឹង​ថា​ ជា​ម៉ូតូ​ចោរ​ឡើយ ចំណែក​នគរបាល ​បាន​ឲ្យ​ភាគី​ទាំង​២ ​សម្របសម្រួល​គ្នា​នៅ​ក្រៅ​ប៉ុស្តិ៍ ​ដើម្បី​បញ្ចប់រឿង​នោះ ។

ពេល​នោះ ​ម្ចាស់​ម៉ូតូ​សម្រេច​អត់​ប្ដឹង​ទេ គឺ​សុំ​យក​តែ​ម៉ូតូ​របស់​ខ្លួន​វិញ ​ក៏​រួច​គ្នា ហើយដោយ​ផ្អែក​លើ​ជន​រង​គ្រោះ​អត់​ប្ដឹង និង​ពុំ​បាន​ដាក់​បណ្ដឹង​នៅ​ឯ​ក្រុង​បា​វិត ខេត្តស្វាយរៀង​ផង​នោះ ទើបនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ក៏​បាន​អនុញ្ញាតឲ្យ​ជនសង្ស័យ ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បាន​ឃាត់ខ្លួន​ ដើម្បី​ស្រាវជ្រាវ​បន្ត​រក​បក្ខពួក​ទៀត​នោះ​ឡើយ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ នៅ​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជាងភ្លើង​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ បូ​ន ទិ​ត្យ​បញ្ញា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង និង​ស្នាក់​នៅ​ធ្វើការ​ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ចំណែក​ជនសង្ស័យ​រូប​នោះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​ ព្រោះ​មិន​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​សួរនាំ​ឡើយ ។ ជន​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ និង​បាន​ប្រើប្រាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Brony Rider ក្នុង​ការ​បង្ហោះ​លក់​ម៉ូតូ​ចោរកម្ម​ខាងលើ ។

ជាងភ្លើង​រូប​នោះ​ បាន​និយាយប្រាប់​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ខ្លួន​បាន​ទុក​ម៉ូតូ​ម៉ូតូ​១ ​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BO-7756 នៅ​ក្នុង​បន្ទប់​ស្នាក់​ នៅ​ដោយ​ចាក់សោ.កត្រឹមត្រូវ ប៉ុន្តែ​បន្ទប់ដេក​នោះ​អត់​មាន​ទ្វារ​ទេ។ បន្ទាប់​មក ​ខ្លួន​ក៏​ដេក​លង់លក់ រហូត​ដល់​វេលា​ម៉ោង​១​យប់​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦ ទើប​ភ្ញាក់​ ក៏​ស្រាប់តែ​ចោរលួច​ម៉ូតូ​ទៅ​បាត់ ពេល​នោះ​ខ្លួន​មិន​បាន​ប្ដឹង​នគរបាល​បាល​ឡើយ ។

យុវជន​ម្ចាស់​ម៉ូ​​តូ​ដដែល​ បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​មក ​ខ្លួន​ក៏​បាន​តាម​រក​ដែរ ប៉ុន្តែ​មិនឃើញ​ឡើយ លុះដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ មិត្តភក្តិ​របស់​ខ្លួន​ម្នាក់​ បាន​ប្រាប់​ថា បានឃើញ​គេ​បង្ហោះ​លក់​ម៉ូតូ​របស់​ខ្លួន​តាម​ហ្វេ​ស​ប៊ុ​កមួយ ​«​ឈ្មោះ​Brony Rider» ។ ខណៈនោះ​ ខ្លួន​បាន​បើក​មើល​ហើយ​បាន​ស្គាល់​ថា​ ពិតជា​ម៉ូតូ​របស់​ខ្លួន​មែន ក៏​បាន​ប្រើ​ល្បិច​​ ទាក់ទង​ទៅ​កាន់​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នោះ ​ធ្វើ​ជា​រក​ទិញ​ម៉ូតូ​ខាងលើ ​និង​ឲ្យ​ជនសង្ស័យ​រូប​នោះ​ទម្លាក់​ទីតាំង​ឲ្យ ។

យុវជន​ម្នាក់​នេះ ​បាន​និយាយ​បន្ថែម​ថា ​ក្រោយ​ពី​បាន​ទៅ​ទីតាំង​លក់​ម៉ូតូ​នោះ ក៏​បានឃើញ​ម៉ូតូ​របស់​ខ្លួន​នៅ​ទីនោះ​មែន ហើយ​ជនសង្ស័យ​លក់​ក្នុង​តម្លៃ​៥៥០​ដុល្លារ បន្ទាប់​មក ​ខ្លួន​ក៏​ប្រាប់​ថា ​ខ្វះ​លុយ សុំ​ទៅ​ដក​លុយ​សិន រួច​ក៏​ចាក​ចេញពី​ទីនោះ។ មួយសន្ទុះ​ក្រោយមក ​ទើប​ត្រលប់​ទៅ​វិញ​ម្ដងទៀត រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​អ្នកលក់​ម៉ូតូ​របស់​ខ្លួន​ខាងលើ ​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ទី​២​តែ​ម្ដង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​និយាយ​ថា មាន​មិត្តភក្ដិ​របស់​ខ្លួន​ម្នាក់​រស់នៅ​ម្ដុំ​វត្ត​ស្លែង បាន​យក​ម៉ូតូ​១​គ្រឿង​នេះ​ ទៅ​ឲ្យ​ខ្លួន​ជួយ​លក់ ដោយ​ប្រាប់​ថា ជា​ម៉ូតូ​ ដែល​តុលាការ​លក់​ឡាយឡុង អត់​មាន​កាត​គ្រី​ទេ។ ពេល​នោះ​ ខ្លួន​ក៏​បាន​ទទួល​ជួយ​ដាក់​លក់​ឲ្យ​ដោយ​មិន​បានដឹង​ថា ​ជា​ម៉ូតូ​ចោរកម្ម​ឡើយ ទើប​ខ្លួន​ហ៊ាន​ថត​បង្ហោះ​លក់​បែប​នេះ ចំណែក​មិត្តភក្ដិ​នោះ​ ក៏​ប្រាប់​ខ្លួន​ថា​ នៅ​សល់​ម៉ូតូ​១​គ្រឿង​ទៀត និង​ថា ​ចាំ​យក​ឲ្យ​ខ្លួន​ជួយ​លក់​ឲ្យ​ទៀត​ផង ។

ដោយឡែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក ​ដែល​ជា​អ្នក​លួច​ម៉ូតូ​ជន​រង​គ្រោះ​នោះ​ទេ ដោយ​ឲ្យ​ភាគី​ទាំង​២​ សម្របសម្រួល​គ្នា បញ្ចប់រឿង​នៅ​ក្រៅ​ប៉ុស្តិ៍ ព្រោះ​ជន​រង​គ្រោះ​ អត់​មាន​ពាក្យបណ្ដឹង​នៅ​ឯ​ក្រុង​បា​វិត ខេត្តស្វាយរៀងឡើយ។ ប្រសិនបើ​មាន​បណ្ដឹង​នគរបាល​ងាយស្រួល​សហ​ការណ៍​គ្នា​ជាមួយ​នគរបាល​ក្រុង​បា​វិត​ធ្វើការ ហើយ​តាម​រយៈ​ការ​សម្របសម្រួល​គ្នា​ក្រៅ​ប៉ុស្តិ៍​នោះ ជន​រង​គ្រោះ ​សម្រេច​អត់​ប្ដឹងផ្ដល់​ទេ គឺ​សុំ​យក​តែ​ម៉ូតូ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ​ប៉ុណ្ណោះ ។ បន្ទាប់​មក​នគរបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​ខាងលើ​រួចខ្លួន ​និង​ត្រលប់​ទៅ​ផ្ទះ​វិញ​បាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ