រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថា មានពលរដ្ឋជាជនភៀសសឹកចំនួន១.៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានជាង៥សែន១ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៣.០៧០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ ។

បើតាមក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា សកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប ។
ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់ ។
ជាមួយគ្នានេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រសួងបានកំពុងបន្តតាមដាន និងគាំទ្រដល់ការរៀបចំបើកដំណើរការឡើងវិញ នូវការផ្តល់សេវាសាធារណៈនានានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចជាសាលាក្រុង ស្រុក ឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ៕
ចែករំលែកព័តមាននេះ