ខេត្តសៀមរាប ៖ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថាមានករណីអគ្គីភ័យឆេះផ្ទះ ពលរដ្ឋមួយកន្លែងនៅសង្កាត់សៀមរាប ផ្អើលទាំងព្រឹក ខណៈពេលនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តពន្លត់អគ្គីភ័យ របស់កងរាជអាវុធហត្ថខេត្ត និងប្រជាពលរដ្ឋចុះជួយអន្តរាគមន៍ទាន់ពេលវេលា ទើបមិនរាលដាលដល់ផ្ទះជិតខាងនិងគ្មានមនុស្សរងរបួសក្នុងហេតុការណ៍នោះ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃ ទី ១៩ ខែមករាឆ្នាំ ២០២៦ ស្ថិតភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមប្រភពពីកម្លាំងកង រាជអាវុធហត្ថខេត្តបានប្រាប់នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ នេះថា ជនរងគ្រោះឈ្មោះ ស៊ុយ ណារុំ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរគ្រូបង្រៀន ស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានផ្ទះថ្មទំហំ៨ម៉ែត្រគុណ១៣ម៉ែត្រ ធ្វើអំពីថ្ម ក្រោមឈើលើ កំពស់ពីជាន់ ។
មូលហេតុឆេះ គឺបណ្តាលមកពីកូនប្រុសរបស់ម្ចាស់ឈ្មោះ លាត ជ័យវិទូវឌ្ឍនា អាយុ ២៤ ឆ្នាំ បានសាកថ្មអាយផេត នៅលើពូក ទុកចោល រួចហើយចាក់សោរបន្ទប់ចេញទៅធ្វើការបាត់ ហើយអគ្គីភ័យឆេះចេញពីបន្ទប់នោះតែម្ដង។
ប្រភពបញ្ជាក់ថា ការខូចខាតឆេះផ្ទះខាងលើ អស់បន្ទប់ចំនួន១ និងសម្ភារៈ ដែលនៅក្នុងបន្ទប់នោះឆេះ អស់ទាំងស្រុង។
ប្រភពបន្ថែមថា ក្រោយពេលកម្លាំងសមត្ថកិច្ចចម្រុះមកដល់ និងជួយបានធ្វើការពន្លត់ចប់ទាំងស្រុងនៅវេលាម៉ោង៩ និង៣០នាទី ។
រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្ត១គ្រឿង នឹងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ១ គ្រឿងហើយបានប្រើប្រាស់ទឹកអស់ចំនួន២ឡាន ។
បច្ចុប្បន្ន ផ្ទះ របស់ ជនរងគ្រោះឈ្មោះ ស៊ុយ ណារុំ ភេទស្រី អាយុ ៥៣ ឆ្នាំ មុខរបរគ្រូបង្រៀន ស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ត្រូវខូចខាត បន្ទប់ ១ អស់ ទឹកប្រាក់ ប្រមាណ ជិត ៣ ០០០ដុល្លារ ៕










ចែករំលែកព័តមាននេះ