ទីក្រុងប៉េកាំង ៖ ស្ថាប័នប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេសចិន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានប្រកាសថា បុគ្គលជិត ១ លាននាក់បានរងទណ្ឌកម្មខាងវិន័យពាក់ព័ន្ធករណីអំពើពុករលួយក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Channel News Asia (CNA) ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយគណៈកម្មការកណ្តាល សម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) បង្ហាញថា បុគ្គល ៩៨៣ ០០០ នាក់ រងទណ្ឌកម្មខាងវិន័យចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធអំពើពុករលួយ កាលពីឆ្នាំមុន ដែលបង្ហាញពីការកើនឡើង ១០,៦ % បើធៀបនឹងចំនួន ៨៨៩ ០០០ នាក់ កាលពីឆ្នាំ ២០២៤។
CCDI បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់សរុបចំនួន ១១៥ នាក់ នៅថ្នាក់ខេត្ត ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ខ្ពស់ជាងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ដោយ ៦៩ នាក់ទទួលទណ្ឌកម្មខាងវិន័យ។ ស្ថាប័នដដែលបានបន្ថែមថា បញ្ជីចុងក្រោយបំផុតបានបង្ហាញអំពីការប្រព្រឹត្តពុករលួយរបស់មន្ត្រីជាន់ខ្ពស់ រហូតដល់អតីតថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសហគ្រាសរដ្ឋផងដែរ។
យុទ្ធនាការនេះ ក៏បានកំណត់គោលដៅលើជនភៀសខ្លួននៅក្រៅប្រទេស និងអំពើពុករលួយថ្នាក់មូលដ្ឋានក្នុងចំណោមមន្ត្រីថ្នាក់ក្រោម ខណៈដែលទីក្រុងប៉េកាំងបានពង្រីកការត្រួតពិនិត្យដល់វិស័យ និងឧស្សាហកម្មជាច្រើនផ្សេងទៀត។
នៅក្នុងសុន្ទរកថាមួយ អំឡុងពេលសម័យប្រជុំពេញអង្គរបស់ CCDI កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានថ្លែងឱ្យដឹងថា «ប្រទេសចិនត្រូវតែលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយជាមួយនឹងការប្តេជ្ញាចិត្តកាន់តែខ្លាំង និងមធ្យោបាយច្នៃប្រឌិតខ្ពស់ ដើម្បីដោះស្រាយនិន្នាការថ្មីនៃអំពើពុករលួយ។ អំពើពុករលួយជាឧបសគ្គ និងថ្មជំពប់ដួលចំពោះការអភិវឌ្ឍរបស់គណបក្ស និងប្រទេសជាតិ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាសមរភូមិដ៏សំខាន់មួយដែលយើងមិនអាចចាញ់បាន ហើយមិនត្រូវចាញ់ឡើយ»។
សូមជម្រាបថា យុទ្ធនាការដ៏លេចធ្លោរបស់លោក ស៊ី ប្រឆាំងអំពើពុករលួយនៅតែបន្ត។ ជាក់ស្តែង មេដឹកនាំយោធាកំពូលចិន២រូប ត្រូវបានបណ្តេញចេញពីគណបក្សកុម្មុយនិស្ត និងយោធាដែលកំពុងតែកាន់អំណាច ដោយចោទប្រកាន់ពីបទពុករលួយក្នុងខែតុលា ឆ្នាំ ២០២៥។
នៅក្នុងយុទ្ធនាការឆ្នាំ ២០២៥ អាជ្ញាធរបានស៊ើបអង្កេតបុគ្គលចំនួន ៣៣ ០០០ នាក់ពីបទផ្តល់សំណូក និងបានផ្ទេរបុគ្គល ៤ ៣០៦ នាក់ទៅឱ្យព្រះរាជអាជ្ញា។ តួលេខនេះ បានកើនឡើងពីការស៊ើបអង្កេតចំនួន ២៦ ០០០ នាក់ និងផ្ទេរ ៤ ២៧១ នាក់ ដែលបានកត់ត្រា កាលពីឆ្នាំ ២០២៤ ដោយ CCDI ៕

ចែករំលែកព័តមាននេះ