ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់​គ្លេស​ថា​លោក​ត្រាំ​ខុស​ហើយ​ដំឡើង​ពន្ធ​ក្រុម​ប្រទេ​ស​ដែល​ប្រឆាំងការ​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន

1 នាទី មុន

ទី​ក្រុង​ឡុង៖ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ខៀ​ស្តាមើ (Keir Starmer) និយាយ​ប្រាប់​លោក​ត្រាំ​ថា​​លោក​សម្រេច​ចិត្ត​ខុស​ហើយ​ដែល​​​ដំឡើង​ពន្ធ​​ទៅ​លើ​ប្រទេស​​ខ្លះ​នៅ​អឺរ៉ុប​ដែល​​​ប្រឆាំង​នឹង​ផែន​ការ​​​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​​​។ លោក​ស្តាមើ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​ជជែក​គ្នា​ជា​មួយ​​ថ្នាក់​ដឹក​នាំ​ដាណឺម៉ាក សហភាព​អឺរ៉ុប និង​អង្គ​ការ​ណាតូ​។ អ្នក​នាំ​ពាក្យ​​អង់គ្លេស​ថ្លែង​ថា​លោក​ស្តាមើ​បាន​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ដាណឺម៉ាក​…

ទី​ក្រុង​ឡុង៖ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ខៀ​ស្តាមើ (Keir Starmer) និយាយ​ប្រាប់​លោក​ត្រាំ​ថា​​លោក​សម្រេច​ចិត្ត​ខុស​ហើយ​ដែល​​​ដំឡើង​ពន្ធ​​ទៅ​លើ​ប្រទេស​​ខ្លះ​នៅ​អឺរ៉ុប​ដែល​​​ប្រឆាំង​នឹង​ផែន​ការ​​​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​​​។ លោក​ស្តាមើ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​ជជែក​គ្នា​ជា​មួយ​​ថ្នាក់​ដឹក​នាំ​ដាណឺម៉ាក សហភាព​អឺរ៉ុប និង​អង្គ​ការ​ណាតូ​។

អ្នក​នាំ​ពាក្យ​​អង់គ្លេស​ថ្លែង​ថា​លោក​ស្តាមើ​បាន​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ដាណឺម៉ាក​ លោក​ស្រី​ហ្វ្រេ​ដេ​រីក​សឹន (Frederiksen), ប្រធាន​គណៈ​​អឺរ៉ុប​ លោក​ស្រី​ឡីយឹន (Leyen) និង​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ លោក​ម៉ាក​រូត​ថឺ (Mark Rutte)។ បន្ទាប់​មក​ លោក​ស្តាមើ​និយាយ​ទូរ​ស័ព្ទ​ទៅ​កាន់​លោក​ត្រាំ​។ អ្នក​នាំ​ពាក្យ​អង់​គ្លេស​ថ្លែង​ថា​តំបន់​ខាង​ជើង​ជា​ចំណុច​អាទិភាព​នៃ​​​រដ្ឋ​ជា​សមា​ជិក​អង្គ​ការ​ណាតូ​ទាំង​អស់​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​អឺរ៉ុប និង​អាមេរិក​។

ក្រុម​អ្នក​តំណាង​រាស្ត្រ​អង់​គ្លេស​ខ្លះ​បាន​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ឆាល​សូម​ព្រះ​អង្គ​លុប​ចោល​គម្រោង​ទស្សនកិច្ច​​​ទៅ​អាមេរិក​នា​ខែ​មេសា​ខាង​មុខ​នេះ​បើ​សិន​លោក​ត្រាំ​មិន​ព្រម​លុប​ចោល​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ប្រទេស​​ដែល​​ប្រឆាំង​ជំទាស់​នឹង​ផែន​ការ​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​។ ​លោក​អិត​ដេវី (Ed Davey) ជា​ប្រធាន​​គណ​បក្ស​អ្នក​ប្រជា​ធិប​តេយ្យ​សេរី​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​អង់​គ្លេស​មិន​ត្រូវ​ធ្វើ​អន់​ឱ្យ​គេ​ជាន់​​ស្រេច​​តែ​នឹង​​​ចិត្ត​នោះ​ទេ ហើយ​ក៏មិន​ត្រូវ​ធ្វើ​អ្វី​ផ្គាប់​ចិត្ត​លោក​ត្រាំ​នោះ​ដែរ​។

​លោក​ត្រាំ​បញ្ជាក់​ច្បាស់​ហើយ​តាំង​ពី​ពេល​គាត់​ឡើង​កាន់​អំណាច​ដំបូង​ៗ​ថា​គាត់​ចាំ​បាច់​ត្រូវ​តែ​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​ដែល​ជា​កោះ​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​​ និង​ជា​ដែន​ដី​ពាក់​កណ្ដាល​ស្វយត្យ​របស់​ដាណឺម៉ាក​។ លោក​​ចាត់​ទុក​ថា​កោះ​នេះ​មាន​សារ​សំខាន់​ផ្នែក​សន្តិ​សុខ​សម្រាប់​អាមេរិក​។ កាល​ពី​ថ្ងៃ​សៅរ៍ លោក​​ប្រកាស​ដំឡើង​ពន្ធ​គយ​លើ​ប្រទេស​ចំនួន​៨​នៅ​អឺរ៉ុប​។

ក្នុង​នោះ​មាន​ដាណឺម៉ាក ន័រវេ ស៊ុយ​អែត បារាំង​ អាល្លឺម៉ង់ អង់​គ្លេស ហូឡង់ និង​ហ្វាំង​ឡង់​ដែល​សុទ្ធ​សឹង​ជា​ប្រទេស​ប្រឆាំង​ជំទាស់​នឹង​ផែន​ការ​​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​។ ​លោក​នឹង​ដំឡើង​ពន្ធ​គយ​លើ​ប្រទេស​ទាំង​នេះ​​​១០%​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ត​​បើ​សិន​ពួក​គេ​នៅ​តែ​ប្រឆាំង​បែប​នេះ​ទៀត​​។ មិន​តែ​ប៉ុណ្ណោះ​​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ត​ទៅ លោក​នឹង​ដំឡើង​ពន្ធ​គយ​២៥%​បើ​សិន​គ្មាន​កិច្ច​ព្រម​ព្រៀង​ទិញ​-​លក់​កោះ​ហ្គ្រីន​លែន​ទេ​។

ឥឡូវ​នេះ​ ប្រទេស​នានា​នៅ​លើ​ពិភព​លោក​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​កោះ​ហ្គ្រីន​លែន និង​ប្រទេស​ដាណឺម៉ាក​។ ពួក​គេ​យល់​ថា​ត្រូវ​តែ​ការ​ពារ​អធិបតេយ្យ​ភាព​របស់​កោះ​នេះ​ ហើយ​ត្រូវ​គោរព​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជា​ជន​កោះ​នេះ​។ ប្រជា​ជន​នៅ​ទី​នោះ​ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​ជីវភាព​ដូច​សព្វ​ថ្ងៃ​។ មាន​ន័យ​ថា​ពួក​គេ​មិន​ចង់​ក្លាយ​ជា​ទឹក​ដី​របស់​អាមេរិក​ទេ​៕ ប្រភព​៖ ញូស្វីក (Newsweek), រ៉យទ័រ (Reuters) និង​ប្រភព​ដទៃទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ