ប្រទេសប៉ាគីស្ថាន៖ ហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Gul Plaza ក្នុងទីក្រុងការ៉ាជី កាលពីយប់មិញនេះ ដោយបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ និងជាង ២០ នាក់ទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៨ ខែមករានេះ។
អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់ជាន់ជាច្រើននៃអគារដែលមានហាងទំនិញសរុបជាង ១,២០០ ហាង។
តាមការបញ្ជាក់ពីមន្ត្រីសង្គ្រោះ អគ្គិភ័យនោះបានឆេះខ្លាំងដោយសារក្នុងអគារសំបូរទៅដោយទំនិញងាយឆេះដូចជា សម្លៀកបំពាក់ និងគ្រឿងអគ្គិសនី រហូតធ្វើឱ្យផ្នែកខ្លះនៃអគារបាក់ស្រុតសង្កត់ទាំងភ្នាក់ងារសង្គ្រោះថែមទៀតផង។ ចំពោះមូលហេតុបឋមត្រូវបានគេសង្ស័យថា បណ្ដាលមកពីការ «ឆ្លងចរន្តអគ្គិសនី» នៅជាន់ផ្ទាល់ដី។
បច្ចុប្បន្ន ក្រុមពន្លត់អគ្គិភ័យកំពុងបន្តប្រយុទ្ធជាមួយអណ្ដាតភ្លើង ខណៈបេសកកម្មជួយសង្គ្រោះមនុស្សដែលជាប់គាំងខាងក្នុងកំពុងធ្វើឡើងយ៉ាងតក់ក្រហល់បំផុត៕
ចែករំលែកព័តមាននេះ