ខេត្តស្វាយរៀង ៖ ទីតាំងស្តុកអេតចាយនាំចេញមួយកន្លែងមហាជនរិះគន់ថារំលោភយកដីសាធារណៈរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិសមត្ថកិច្ចហាក់ដូចគ្មានអើពើឬក៏លក់អោយទៅឈ្មួញបាត់ទៅហើយ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧មករា ឆ្នាំ២០២៦ នៅចំណុចកំពង់ចម្លងបាត់ត្រាស់ ឃុំដូង ស្រុករមាសហែក។
មហាជនបានប្រាប់អ្នកសារព័ត៌មានយើងថា មានក្រុមហ៊ុនទិញអេតចាយម្នាក់ ឈ្មោះប៉យ បានយកអេតចាយមកស្តុក ដើម្បីនាំចេញទៅប្រទេសវៀតណាម ដោយរំលោភដីសាធារណៈរបស់រដ្ឋបាលស្រុករមាសហែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រភពបន្តថា ការំលោភដីសាធារណៈរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិនេះគឺមានរយៈពេលជិត២ខែមកហើយ ដោយហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលឬឆ្លងកាត់ទេ ដោយប្រាប់មហាជនថាជាដីកម្មសិទ្ធិរបស់គេ។
ប្រភពបន្តទៀតថា ទីតាំងនេះជាដីសាធារណៈរបស់រដ្ឋធ្វើជាកំពង់ចម្លង និងជាប៉ុស្តិ៍ការពារព្រំដែនទឹកបាត់ត្រាស់ ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា នៅចំណុច ស្តុកអេតចាយនេះជាកំពង់ដរចម្លងប្រជាពលរដ្ឋ និងជាច្រកព្រំដែនទឹក ដែលឈ្មួញដឹកទំនិញតាមទូកកាណូតប៉ុកចាយធំៗ ចេញចូលទៅប្រទេសវៀតណាម ។
ហើយគេឃើញមានជនជាតិវៀតណាមមកធ្វើរោងធ្វើតូបស្នាក់នៅ ទទួលទិញលក់អេតចាយនិងចូលទូកកាណូតប៉ុកចាយ មកដឹកអេតចាយឆ្លងដែនទៅប្រទេសវៀតណាម សង្ស័យគ្មានច្បាប់ស្នាក់នៅនិងច្បាប់អនុញ្ញាតនាំចេញផងមិនដឹង។ ដោយអេតចាយស្តុកទីនោះមានច្រើនប្រភេទ គឺមានគ្រឿងម៉ាស៊ីនរថយន្ត និងគ្រឿងអេឡិចត្រូនិកដែរ។
ទាក់ទិនករណីដែរ ថៅកែរអេតចាយឈ្មោះប៉យ បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងស្តុកអេតចាយនេះជាដីឯកជន របស់ខ្លួន ហើយសួរអ្នកព័ត៌មានយើងថា ហេតុអីបានអ្នកសារព័ត៌មានចូលថតរូបភាពក្នុងកន្លែងរបស់គេមិនសុំការអនុញ្ញាតពីម្ចាស់ទីតាំងឯកជនរបស់គេ ។
ប្រជាពលរដ្ឋរកស៊ីនាំអេតចាយឆ្លងដែនទៅប្រទេសវៀតណាមតើមានកំហុសអី? អ្នកសារព័ត៌មាន មិនចោទថា ដឹកអេតចាយឆ្លងដែនទៅប្រទេសវៀតណាមខុសទេ ក៏ប៉ុន្តែមហាជនរាយការណ៍ថា មានជនជាតិវៀតណាមមកតាំងលំនៅដ្ឋាន សង់រោងសង់តូបស្នាក់នៅប្រមូលទិញអេតចាយដោយរំលោភយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ទើបអ្នកសារព័ត៌មានទៅថតផ្តិតយករូបភាពនិងសម្ភាសន៍សាកសួរ ក៏ប៉ុន្តែជនជាតិវៀតណាមចំនួន០២នាក់បានគេចមិនព្រមសម្ភាស៍។
លោកសូរ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងស្តុកអេតចាយនោះគីជាដីសាធារណៈរបស់រដ្ឋបាលស្រុករមាសហែក មិនមែនជាដីកម្មសិទ្ធិបុគ្គលណាទេ។មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរនៃរដ្ឋបាលស្រុករមាសហែក កុំឱ្យគេថា «មានប្រាក់ទិញយក្សប្រើ» ថាតើមានចំណាត់ការបែបណា? ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ