ទីក្រុងវ៉ាស៊ីនតោន៖ គណៈប្រតិភូរបស់អ៊ុយក្រែនទទួលបន្ទុកខាងការចរចាគ្នាបានធ្វើដំណើរទៅដល់ប្រទេសអាមេរិកហើយដើម្បីពិភាក្សាគ្នាលម្អិតអំពីផែនការសន្តិភាព។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីប្រធានខុទ្ទកាល័យរបស់លោកហ្សេឡិនស្គី។ លោកគីរីឡូ ប៊ូដាណូស (Kyrylo Budanov) ថ្លែងថាគណៈប្រតិភូអ៊ុយក្រែននឹងជួបប្រេសិតពិសេសរបស់លោកត្រាំគឺលោកស្ទីវវីតខូស (Steve Witkoff), កូនប្រសារបស់លោកត្រាំ និងមន្ត្រីដទៃទៀត។

លោកប៊ូដាណូសក្នុងនាមជាអតីតប្រធានចារកម្មយោធារបស់អ៊ុយក្រែនបានបង្ហោះសារនៅលើតេឡេក្រាមថាអ៊ុយក្រែនត្រូវការជាចាំបាច់នូវសន្តិភាពដែលប្រកបដោយយុត្តិធម៌។ លោកដូណាល់ត្រាំនៅតែបន្តជំរុញឱ្យរដ្ឋាភិបាលទីក្រុងកៀវ និងម៉ូស្គូទទួលយកកិច្ចព្រមព្រៀងសន្តិភាពដើម្បីបិទបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជិតបួនឆ្នាំហើយនៅខ្វះតែជាងមួយខែទៀតប៉ុណ្ណោះ។

ទោះបីមានការពិភាក្សាគ្នាជាច្រើនលើកច្រើនសាហើយក្ដី ក៏ប៉ុន្តែគេមិនទាន់រកឃើញដំណោះស្រាយការទូតដ៏ជាក់លាក់ណាមួយនៅឡើយទេរហូតមកដល់ពេលនេះ។ នៅលើសមរភូមិយោធា កងទ័ពទាំងសងខាងនៅតែបន្តប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅលើបន្ទាត់ជួរមុខដែលមានចម្ងាយជាង១២០០គីឡូម៉ែត្រ។ អ៊ុយក្រែន និងអាមេរិកបានរៀបចំផែនការសន្តិភាពមាន២០ចំណុច។ ប៉ុន្តែរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយទៅលើសំណើនោះទេ ទទួលយកក៏មិនទទួលយក បដិសេធក៏មិនបដិសេធ។

ចំណុចស្លាប់-រស់មួយចំនួននៅតែជាឧបសគ្គរារាំងដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ។ ក្នុងនោះមានបញ្ហាពាក់ព័ន្ធនឹងបូរណភាពទឹកដី, ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងការផ្ដល់ជំនួយសម្រាប់កសាងប្រទេសអ៊ុយក្រែនឡើងវិញក្រោយពេលចប់សង្គ្រាម។ លោកហ្សេឡិនស្គីសង្ឃឹមថានឹងចុះហត្ថលេខាលើសំណុំឯកសារស្ដីពី «កញ្ចប់វិបុលភាព» ជាមួយអាមេរិកនៅពេលភាគីទាំង២ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីសនាសប្ដាហ៍ក្រោយ។ កញ្ចប់នេះនឹងផ្ដល់ថវិកា៨០០ពាន់លានដុល្លារសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ លោកត្រាំប្រាប់ថាលោកអាចនឹងជួបលោកហ្សេឡិនស្គីនៅក្នុងវេទិកានោះ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ