រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ១គ្រឿង បានបើកវ៉ាជែងរថយន្ត នៅខាងមុខ មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ក៏បានជ្រុលបុកម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ជិះគ្នា២នាក់ពេញទំហឹង។ ខណៈនោះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមរបួសធ្ងន់ រីឯស្ត្រីអ្នករួមដំណើរម្នាក់ស្លាប់ ចំណែកអ្នកបើកម៉ូតូស៊ុយហ្ស៊ុយគីនិច ដែលជាភាគីបង្ក បានរងរបួសស្រាល ហើយត្រូវនគរបាលឃាត់ខ្លួនចាត់ការតាមច្បាប់ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវបេតុងលេខ៤២ ស្ថិតនៅក្នុងភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ឈ្មោះ ផាត ស្រីវ៉ាន ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកអ្នករបួសធ្ងន់ឈ្មោះ សៀង គឹមសៀ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ហើយអ្នកទាំង២ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1Q-9910 ។
ដោយឡែកភាគីអ្នកបង្ករងរបួសស្រាល ឈ្មោះ អូរ អៀងលី អាយុ២០ឆ្នាំ ស្នាក់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល បើកម៉ូតូស៊ុយហ្ស៊ុយគីនិចពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1LU-7375 ។
នគរបាលបានប្រាប់បន្តថា នៅមុនពេលកើតហេតុម៉ូតូស៊ុយហ្ស៊ុយគីនិច បានបើកបរធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវ៉ាជែងរថយន្ត១គ្រឿងនៅខាងមុខមិនបានប្រកាន់ស្ដាំចំណែកផ្លូវរបស់ខ្លួនឡើយ ។ ខណៈនោះក៏បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ជិះគ្នា២នាក់ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅបញ្ច្រាស់គ្នា ពីលិចទៅកើត ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យស្លាប់និងរបួសតែម្ដង ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូនោះត្រូវបាននគរបាលឃាត់ខ្លួនរួចនាំទៅកាន់អធិការខណ្ឌកំបូល ចំណែលអ្នរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ