រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តសម្លាបខ្លួនឯង នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង ហើយពុំទាន់ដឹងថា គាត់មានវិបត្តអ្វីពិតប្រាកដនោះទេ ប៉ុន្តែបងថ្លៃស្រីរបស់ស្ត្រីរងគ្រោះបាននិយាយថា កាលពី២ថ្ងៃមុន ប្អូនថ្លៃស្រីគាត់រូបនេះ ត្រូវបានគេដាក់ថ្នាំ យកខ្សែ ក អស់១តម្លឹងនិង២ជី ហើយការធ្វើអត្តឃាតសម្លាប់ខ្លួននេះ ពុំដឹងថា នាងតូចចិត្តនឹងរឿងនោះ ក៏មិនដឹងដែរ ។
ហេតុការណ៍ខាងលើនោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងបន្ទប់ជួលជាន់ផ្ទាល់ដីលេខ BB006 ស្ថិតនៅក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្ត្រីខាងលើឈ្មោះ ដុល សុខនីម អាយុ៤៦ឆ្នាំ មុខរបរលក់ចាបហួយ ស្នាក់ផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅស្រុកកោះធំ ខេត្តកណ្តាល ។
សាច់ញាតិរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះ មានអ្នកលក់ទឹកកក បានដឹកទឹកកក យកទៅដាក់ឲ្យគាត់តាមទម្លាប់រាល់ថ្ងៃ ព្រោះផ្ទះគាត់លក់អីវ៉ាន់ចាប់ហ៊ួយ ហើយក៏លក់ទឹកកកផងដែរ។ ពេលទៅដល់ អត់ឃើញស្ត្រីរូបនោះបើកទ្វារបន្ទប់ដូចរាល់ថ្ងៃ អ្នកលក់ទឹកកក បានទៅសួរបងថ្លៃស្រីអ្នកស្លាប់ ដែលស្ថិតនៅបន្ទប់ផ្សេងចម្ងាយប្រមាណ១០០ម៉ែត្រ ពីបន្ទប់កើតហេតុនោះ ថាហេតុម្ដេចបានជាអត់ឃើញស្រីរូបនោះ បើកទ្វារបន្ទប់អ៊ីចឹង ? ។
សាច់ញាតិដដែល បានប្រាប់សមត្ថកិច្ចបន្តថា ខណៈនោះដោយមានការងឿងឆ្ងល់ ក៏នាំគ្នាទៅមើល ពិតជាឃើញទ្វារបន្ទប់បិទជិតមែន និងខ្ទាស់គន្លឹះពីខាងក្នុងជាប់ទៀត ក៏បាននាំគ្នាស្រែកហៅ តែអត់ឮឆ្លើយ ហើយខលក៏អត់ចូលទៀត ក៏បានប្រាប់ទៅអ្នកមើលការខុសត្រូវបន្ទប់ជួល។ បន្ទាប់មក អ្នកមើលការខុសត្រូវបន្ទប់ជួល ក៏គាស់ទ្វារបន្ទប់ចូលទៅមើល ស្រាប់តែឃើញស្ត្រីខាងលើចង.កស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។ ប៉ុន្តែដោយមិនអស់ចិត្ត ក្រុមគ្រួសារក៏បានស្រាយដាក់ចុះ រួចហៅរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកយកទៅសង្គ្រោះ ប៉ុន្តែគ្រូពេទ្យប្រាប់ថា គាត់ស្លាប់ហើយ ។
បងថ្លៃស្រីរបស់ស្ត្រីរូបនោះ បាននិយាយទៀតថា កាលពី២ថ្ងៃមុន ប្អូនថ្លៃស្រីរបស់គាត់រូបនេះ ត្រូវបានគេដាក់ថ្នាំយកខ្សែ.ក អស់ចំនួន១តម្លឹងនិង២ជី ពេលនោះ នាងអត់ហ៊ានប្រាប់ប្ដីឲ្យដឹងពីរឿងនេះទេ។ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រះឃើញធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ ដោយពុំដឹងថា ប្អូនថ្លៃតូចចិត្តនឹងរឿងនោះ ឬបែបណានោះឡើយ ។
បុរសជាប្ដីស្ត្រីខាងលើបាននិយាយប្រាប់នគរបាលថា គាត់មិនបាននៅជាមួយប្រពន្ធគាត់នោះទេ ដោយសារតែគាត់មានមុខរបររកស៊ីនៅឯស្រុកកោះធំ ខេត្តកណ្ដាលដែរ ប៉ុន្តែគាត់ក៏ឧស្សាហ៍ទៅមករកប្រពន្ធដែរ។ ដោយឡែកនៅវេលាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ គាត់បានខលរកប្រពន្ធ ហើយប្រាប់ថា «បងទិញដីគេ និងត្រូវកក់លុយគេ២ពាន់ដុល្លារសិន តើអូនមានលុយទេឲ្យបង១ពាន់មក ដើម្បីយកទៅបង្គ្រប់គ្នាកក់ថ្លៃដីគេ ?» ។ បន្ទាប់មក ក៏ស្ងាត់ទៅលុះដល់ព្រឹកឡើង ស្រាប់តែបងប្អូនខលទៅប្រាប់ថា ប្រពន្ធគាត់ចងកសម្លាប់ខ្លួនស្លាប់ហើយ ទើបគាត់រូតរះមកមើលប្រពន្ធតែម្ដង ។
នគរបាលបានប្រាប់ថា ក្រោយពីទទួលបានដំណឹងនោះហើយ នគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលខណ្ឌដង្កោ បានសហការជាមួយនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យសព និងជុំវិញទីតាំងកន្លែងកើតហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕



ចែករំលែកព័តមាននេះ