ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-កូរ៉េ បង្ហាញលទ្ធផលជោគជ័យនៃគម្រោង​អភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ មករា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត ហង់…

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ មករា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​ចែករំលែក​លទ្ធផល​បញ្ចប់​គម្រោង​អភិរក្ស និង​ជួសជុល​ក្រុម​ប្រាសាទ​ព្រះ​ពិធុរ និង​ព្រះ​លានជល់ដំរី ដំណាក់កាល​ទី​២ ដោយ​មានការ​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​បេតិកភណ្ឌ​កូរ៉េ (KHA) និង​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(KOICA) ព្រមទាំង​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ ដែល​មក​ពី​ស្ថាប័ន​ដៃគូ​លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​ជា​ច្រើន​ផង​ដែរ​។

ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ថ្លែង​ថា ម្សិលមិញ លោក​បាន​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ប្រាសាទ​ព្រះ​ពិធុរ និង​ព្រះ​លានជល់ដំរី​ដោយ​ផ្ទាល់ ហើយ​ពិនិត្យ​ឃើញ​ថា លទ្ធផល​នៃ​ការ​អភិរក្ស និង​ស្ដារ​ឡើង​វិញ​ជា​ច្រើន​ឆ្នាំ​មកនេះ មាន​ភាពល្អ​បំផុត​។ លទ្ធផល​ដ៏​ល្អ​នេះ គឺ​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​អ្នកជំនាញ​កូរ៉េ​ជាមួយនឹង​អាជ្ញាធរ​ជាតិ​អប្សរា​។

ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ការ​អភិរក្ស​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​ក្រុម​ប្រាសាទ​ព្រះ​ពិធុរ និង​ព្រះ​លានជល់ដំរី ដែល​រួម​បញ្ចូល​ទាំង​ផ្នែក​វិទ្យាសាស្ត្រ និង​ការ​ពង្រឹងសមត្ថភាព​បច្ចេកទេស​ដល់​ក្រុមការងារ​ជំនាញ​ផង​នោះ បាន​ធ្វើ​ឱ្យ​មាន​ភាព​ជោគជ័យ​យ៉ាង​ប្រសើរ​។ ជោគជ័យ​ទាំងនេះ អាច​កើតឡើង​បាន​ដោយសារ​តែ​មាន​ភាព​ជឿជាក់ ទំនុកចិត្ត និង​មិត្តភាព​ដ៏​រឹង​មាំ​រវាង​កម្ពុជា និង​កូរ៉េ​។ ក្នុង​នោះ​ទីភ្នាក់ងារ​បេតិកភណ្ឌ​កូរ៉េ (KHA) និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​គ្នា​ចែករំលែក​ជំនាញ ចក្ខុវិស័យ និង​ការ​លះបង់​យ៉ាងច្រើន​ក្នុង​ភាព​ជា​ដៃគូ​។ ភាព​ជា​ដៃគូ​នេះ មិន​ត្រឹមតែ​ជា​លក្ខណៈ​ផ្លូវការ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​លក្ខណៈ​ជា​មនុស្សធម៌​ទៀត​ផង​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ជូន​ប័ណ្ណ​ថ្លែងអំណរគុណ និង​ការ​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​កូរ៉េ​ផង​ដែរ​។ សូម​បញ្ជាក់​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​បេតិកភណ្ឌ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក រដ្ឋាភិបាល​កូរ៉េ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ ODA តាម​រយៈ​គម្រោង​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​ក្រុម​ប្រាសាទ​ព្រះ​ពិធុរ ហើយ​វិសាលភាព​ក៏​បាន​ពង្រីក​ដល់​គម្រោង​នៃ​ការ​ជួសជុល​គ្រឹះ​បាកាន​របស់​ប្រាសាទអង្គរវត្ត​ផង​ដែរ​។

គម្រោង​អភិរក្ស និង​ជួសជុល​ក្រុម​ប្រាសាទ​ព្រះ​ពិធុរ និង​ព្រះ​លានជល់ដំរី​ដំណាក់កាល​ទី​២ បាន​ចាប់ផ្ដើម​ឡើង​តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៩ ហើយ​បាន​បញ្ចប់​នៅ​ក្នុង​ខែមករា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ