ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខជាអចិន្ត្រៃយ៍ និងកញ្ចប់ថវិកាស្ដារប្រទេសឡើងវិញ ដែលកិច្ចព្រមព្រៀងនេះរំពឹងថានឹងត្រូវចុះហត្ថលេខាជាមួយសហរដ្ឋអាម៉េរិក នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុង Davos សប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC, Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៧ ខែមករានេះ។
លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងត្រូវការគ្រាប់មីស៊ីលជាបន្ទាន់សម្រាប់ប្រព័ន្ធការពារដែនអាកាស ព្រោះកន្លងមកមានតំបន់ខ្លះបានអស់គ្រាប់មីស៊ីលសម្រាប់ទប់ទល់នឹងការវាយប្រហារ ប៉ុន្តែទើបតែទទួលបានកញ្ចប់ជំនួយថ្មីកាលពីព្រឹកថ្ងៃសុក្រនេះប៉ុណ្ណោះ។
ការទាមទារការធានាសន្តិសុខ «ជាអចិន្ត្រៃយ៍» នេះ កើតឡើងចំពេលដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តដុតកម្ដៅយ៉ាងខ្លាំង ហើយអ៊ុយក្រែនបារម្ភពីភាពមិនច្បាស់លាស់នៃជំនួយយោធារបស់លោកខាងលិចនាពេលអនាគត។ ដោយសាររុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានក្លាយជាខែការពារដ៏សំខាន់បំផុត ប៉ុន្តែវាក៏ស៊ីអស់គ្រាប់មីស៊ីលក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ការស្វែងរកកិច្ចព្រមព្រៀងជាផ្លូវការ និងយូរអង្វែងជាមួយក្រុងវ៉ាស៊ីនតោន គឺជាយុទ្ធសាស្ត្ររបស់លោក ហ្សេឡេនស្គី ដើម្បីធានាថា អ៊ុយក្រែននឹងមានសមត្ថភាពការពារខ្លួនជានិរន្តរ៍ និងមិនរង្គោះរង្គើ ទោះបីជាស្ថានការណ៍នយោបាយអន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ៕
ចែករំលែកព័តមាននេះ