ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ត្រៀម​ខ្លួន​ធ្វើ​ជា​អន្តរ​ការី​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​មជ្ឈិម​បូព៌ា

8 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​​ចាប់​ផ្ដើម​លូក​ដៃ​ចូល​ក្នុង​បញ្ហា​អ៊ីរ៉ង់​ជា​បណ្ដើរ​ៗ​ហើយ​បន្ទាប់​ពី​មាន​ចលនា​បាតុ​កម្ម​ដ៏​ពុះ​កញ្ជ្រោល​ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​រាប់​ពាន់​នាក់​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ហេតុ​នេះ លោក​ពូទីន​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​ និង​ប្រធានា​ធិបតី​អ៊ីរ៉ង់​​ដាច់​ដោយ​ឡែក​ពី​គ្នា​។ លោក​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​បញ្ហា​។ អាជ្ញា​ធរ​អ៊ីរ៉ង់​បាន​ចាត់​វិធាន​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ចលនា​បាតុកម្ម​ដែល​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​ចុង​ខែ​ធ្នូ​។ លោក​ត្រាំ​ព្រមាន​ថា​លោ​កអាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ីរ៉ង់​បើ​មាន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​បែប​នេះ​។ កាល​ពី​ឆ្នាំ​មុន អ៊ីស្រា​អែល…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​​ចាប់​ផ្ដើម​លូក​ដៃ​ចូល​ក្នុង​បញ្ហា​អ៊ីរ៉ង់​ជា​បណ្ដើរ​ៗ​ហើយ​បន្ទាប់​ពី​មាន​ចលនា​បាតុ​កម្ម​ដ៏​ពុះ​កញ្ជ្រោល​ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​រាប់​ពាន់​នាក់​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ហេតុ​នេះ លោក​ពូទីន​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​ និង​ប្រធានា​ធិបតី​អ៊ីរ៉ង់​​ដាច់​ដោយ​ឡែក​ពី​គ្នា​។ លោក​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​បញ្ហា​។

អាជ្ញា​ធរ​អ៊ីរ៉ង់​បាន​ចាត់​វិធាន​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ចលនា​បាតុកម្ម​ដែល​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​ចុង​ខែ​ធ្នូ​។ លោក​ត្រាំ​ព្រមាន​ថា​លោ​កអាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ីរ៉ង់​បើ​មាន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​បែប​នេះ​។ កាល​ពី​ឆ្នាំ​មុន អ៊ីស្រា​អែល និង​អាមេរិក​បាន​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​១២​ថ្ងៃ​ជា​មួយ​អ៊ីរ៉ង់​ដោយ​បាញ់​មីស៊ីល​ដាក់​គ្នា​ និង​គ្រាប់​បែក​ទម្លាក់​ពី​លើ​យន្ត​ហោះ​​​។

ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២២ រុស្ស៊ី​ចាប់ផ្ដើម​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​អ៊ីរ៉ង់​។ ដ្រូន​ភាគ​ច្រើន​ដែល​រុស្ស៊ី​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​អ៊ុយ​ក្រែន​គឺ​ជា​ផលិត​ផល​របស់​អ៊ីរ៉ង់​។ កាល​ពី​ឆ្នាំ​មុន​ លោក​ពូទីន និង​ប្រ​ធា​នា​ធិបតី​អ៊ីរ៉ង់​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​២០​ឆ្នាំ​។​ មាន​ន័យ​ថា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុ​ងករណី​ដែល​ភាគី​ហត្ថ​លេខី​ប្រឈម​នឹង​បញ្ហា​អ្វី​មួយ​។

​នៅ​ក្នុង​ការ​សន្ទនា​គ្នា​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​លោក​ពូទីន​បាន​បំផុស​គំនិត​ស្ដី​ពី​ការ​លើក​កម្ពស់​ស្ថិរ​ភាព​នៅ​មជ្ឈិ​ម​បូព៌ា​។ លោក​ក៏​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ និង​លើក​កម្ពស់​ការ​សន្ទនា​គ្នា​បែប​ស្ថាបនា​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​សេចក្ដី​លម្អិត​នៃ​ការ​សន្ទនា​គ្នា​រវាង​លោក​ពូទីន និង​ប្រធា​នា​ធិបតី​អ៊ីរ៉ង់​នឹង​ផ្សព្វផ្សាយ​ជា​លាយ​លក្ខណ៍​អក្សរ​។

ឥទ្ធិ​ពល​របស់​រុស្ស៊ី​នៅ​មជ្ឈិម​បូព៌ា​ក៏​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ​។ បើ​សិន​ទៅ​ថ្ងៃ​មុខ អ៊ីរ៉ង់​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​មុខ​ជា​បាត់​បង់​លំនឹង​ជា​មិន​ខាន​។ រុស្ស៊ី​មិន​អាច​បណ្ដោយ​ឱ្យ​បាត់​បង់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ទៀត​ទេ​បន្ទាប់​ពី​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ធំ​របស់​រុស្ស៊ី​បាន​ដួល​រលំ​កាល​ពី​ចុង​ឆ្នាំ​២០២៤​​។ កាល​ពី​ដើម​ខែ​មករា​នេះ សម្ព័ន្ធ​មិត្ត​ដ៏​ធំ​មួយ​របស់​រុស្ស៊ី​នៅ​អាមេរិក​ខាង​ត្បូង​គឺ​លោក​ម៉ាឌូរ៉ូ​ត្រូវ​យោធា​អាមេរិក​ផ្ដួល​រំលំ​ពី​អំណាច​ និង​ចាប់​ខ្លួន​ទៅ​កាត់​ទោស​នៅ​ទី​ក្រុង​ញូយ៉ក​។ ដូច្នេះ វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ឥទ្ធិ​ពល​របស់​រុស្ស៊ី​មិន​តិច​ទេ​។​

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​រុស្ស៊ី​នឹង​ផ្ដល់​ការ​គាំទ្រ​អ្វី​ខ្លះ​សម្រាប់​អ៊ីរ៉ង់​បើ​សិន​ជា​មាន​រឿង​ធំ​កើត​ឡើង​? អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​រុស្ស៊ី​ត្រៀម​​ផ្ដល់​ការ​គាំទ្រ​មិន​ចំពោះ​តែ​ប្រទេស​​អ៊ីរ៉ង់​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គាំទ្រ​ប្រទេស​ទាំង​អស់​នៅ​​ទូ​ទាំង​តំបន់​មជ្ឈិម​បូព៌ា​។​ ក្រឹម​ឡាំង​ថា​ការ​គាំទ្រ​របស់​រុស្ស៊ី​គឺ​ដើម្បី​ថែ​រក្សា​ស្ថិរ​ភាព​ និង​សន្តិ​ភាព​នៅ​ក្នុង​តំបន់​។ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ពូទីន​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​៕​ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ