ទីក្រុងខូផឹនហាហ្គឹន៖ ថ្ងៃនេះ គណៈប្រតិភូសភាដែលមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋរបស់អាមេរិកបានជួបថ្នាក់ដឹកនាំដាណឺម៉ាក និងហ្គ្រីនលែនដើម្បីធានាប្រាប់ពួកគេថាសភាខង់ហ្ក្រែសរបស់អាមេរិកគាំទ្រពួកគេនៅចំពោះមុខនៃការប្រឈមមុខទល់នឹងលោកដូណាល់ត្រាំនៅក្នុងបញ្ហាកោះហ្គ្រីនលែន។ ដូច្នេះទោះបីលោកត្រាំគំរាមប្រើកម្លាំងយោធាដើម្បីកាន់កាប់កោះនេះក៏ដោយ ក៏ពួកគេមិនយល់ព្រមដែរ។

លោកត្រាំបញ្ជាក់អំពីមូលហេតុដែលលោកចង់បានកោះហ្គ្រីនលែនព្រោះកោះនេះមានសារសំខាន់ជាអាយុជីវិតសម្រាប់សន្តិសុខជាតិរបស់អាមេរិក។ លោកថ្លែងថាទីនេះជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ និងជាទីតាំងដែលមានធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់។ ដោយសារមិនចង់មើលស្រាលស្ថានការណ៍ បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបខ្លះបានបញ្ជូនកងទ័ពទៅឈរជើងនៅលើកោះនេះតបតាមការអំពាវនាវរបស់រដ្ឋាភិបាលដាណឺម៉ាក។

គណៈប្រតិភូសភាអាមេរិកមានចំនួន១១រូបដែលដឹកនាំដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោកគ្រីសឃូន (Chris Coons) ត្រៀមជួបនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រីហ្វ្រេដេរីកសឹន (Frederiksen) និងនាយករដ្ឋមន្ត្រីហ្គ្រីនលែន។ លោកឃូនថ្លែងថានៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែច្របូកច្របល់បែបនេះ យើងចាំបាច់ត្រូវតែរក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយក្រុមសម្ព័ន្ធមិត្ត។ ពោលគឺមិនមែនកម្ចាត់កម្ចាយគ្នានោះទេ។

ការជួបគ្នារបស់សមាជិកសភាអាមេរិកលើកនេះកើតឡើងក្រោយការជួបគ្នានៅសេតវិមានរវាងរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក និងហ្គ្រីនលែនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុប្រធានាធិបតីអាមេរិក។ ការជួបគ្នានៅក្នុងគ្រានោះគ្មានលទ្ធផលអ្វីទាំងអស់។ មន្ត្រីរដ្ឋាភិបាលដាណឺម៉ាកប្រាប់ថាអាមេរិកនៅតែមិនព្រមបោះបង់ចោលការចង់បានកោះហ្គ្រីនលែនដដែល។ ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យថ្លែងថាពួកគេនឹងគាំទ្រសេចក្ដីព្រាងច្បាប់ដើម្បីទប់ស្កាត់មិនឱ្យលោកត្រាំគ្រប់គ្រងកោះហ្គ្រីនលែនបានឡើយ។

យោងតាមការស្ទង់មតិថ្មីៗនេះ ប្រជាជនអាមេរិកាំងត្រឹមតែ១៧%ប៉ុណ្ណោះគាំទ្រគំនិតរបស់លោកត្រាំដែលចង់បានកោះហ្គ្រីនលែន។ នេះនិយាយតែចំពោះការគ្រប់គ្រងកោះនេះដោយសន្តិវិធី។ បើនិយាយទៅដល់ការគ្រប់គ្រងដោយកម្លាំងយោធាទៀតនោះ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋភាគច្រើនលើសលប់ប្រឆាំងដាច់ខាត។ លោកត្រាំមិនទទួលស្គាល់ការស្ទង់មតិនេះទេ និងចាត់ទុកថានេះជាការប្រឌិតព័ត៌មាន៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ