ខេត្តស្វាយរៀង ៖ មានករណីជនបរទេស ចម្រុះជាតិសាសន៍ បាននាំគ្នារត់ចេញពីក្នុងអគារកាស៊ីណូ អនឡាញ មួយកន្លែង ដោយឃើញអូសវ៉ាលិស និងស្ពាយសាក់កាដូ ដើរចេញមកតាមថ្នល់ ខ្លះរករថយន្តតាក់ស៊ី និងរថយន្តក្រុង ដើម្បីជិះចេញតាមផ្លូវជាតិលេខ១៤D មិនដឹងថា ទៅទីណាទេ ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ករណីជនបរទេស នាំគ្នារត់ចេញពីអគារកាស៊ីណូអនឡាញនេះ កើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី១៦ មករា ២០២៦ ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៌ ។
ប្រភពបន្តថា មិននឹកស្មានថា មានជនបរទេសចម្រុះជាតិសាសន៍ មករស់នៅក្នុងកាស៊ីណូអនឡាញ ច្រើនរហូតរាប់ពាន់នាក់ បែបនេះសោះ ក្នុងរដ្ឋបាលឃុំញរស្រុកកំពង់រោទ៌ ។
ប្រភពបន្តទៀតថា ពួកគេបាននាំគ្នារើបង្វិចចេញពីក្នុងអគារកាស៊ីណូអនឡាញ តាំងពីវេលាម៉ោង២និង០០នាទីរសៀល រហូតដល់ម៉ោង៦ល្ងាចថ្ងៃទី១៦នេះ មិនទាន់រករថយន្តជិះបាននៅឡើយ ។
ប្រភពបន្ថែមថា បើតាមការសាកសួរក្រុមជនបរទេសទាំងនោះ មានចម្រុសជាតិសាសន៍ ក៏ប៉ុន្តែភាគច្រើន គឺជនជាតិចិន វៀតណាម ថៃ បង់ក្លាដេស ប៉ាហ្គីស្ថាន មីយ៉ាន់ម៉ា និងជនជាតិផ្សេងៗជាច្រើនទៀត ។
ប្រភពឲ្យដឹងថា កន្លងមក គេគ្រាន់តែធ្វើការសន្និដ្ឋានថា អគារទាំងនោះ ជាកាស៊ីណូ ហើយមិននឹកស្មានថា មានមនុស្សស្នាក់នៅ ក្នុងហ្នឹងច្រើនបែបនេះទេ ។
បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ទំនងជនបរទេសចម្រុះជាតិសាសន៍ទាំងនេះ មានការភិតភ័យ ដោយបែកធ្លាយថា សមត្ថកិច្ចរដ្ឋបាលខេត្ត និងចុះធ្វើរដ្ឋបាល បង្ក្រាបក្រុមឧក្រិដ្ឋកម្មល្បែងអនឡាញខុសច្បាប់ ទើបក្រុមជនបរទេសទាំងនោះ ភិតភ័យក៏នាំគ្នារត់ចេញពីអគារ ដើរតាមផ្លូវថ្នល់ មករករថយន្តតាក់ស៊ី និងរថយន្តក្រុងជិះចាកចេញ ។ ហើយពេលសមត្ថកិច្ចសាកសួរ ពួកគេប្រាប់ថា ទៅរាជធានីភ្នំពេញ ត្រៀមត្រឡប់ទៅស្រុកកំណើតវិញ ។ អ្នកខ្លះនិយាយថា ពួកគេធ្វើការជាបុគ្គលិគកាស៊ីណូអនឡាញ ត្រពាំងត្រាវ ពុំទាន់បានបើកប្រាក់ខែផង ស្រាប់តែថៅកែ ប្រាប់ឲ្យឈប់ ហើយដេញឲ្យចេញពីកាស៊ីណូ ដូច្នេះពួកគាត់គ្មានប្រាក់សូម្បីតែ១ដុល្លារ មិនដឹងថា ត្រឡប់ទៅស្រុកវិញ បែបណាទេ ។
ទាក់ទិនករណីនេះដែរ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចស្រុកកំពង់រោទ៌បានទេ រហូតមកដល់ល្ងាចថ្ងៃទី១៦មករានេះ ៕








ចែករំលែកព័តមាននេះ