ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី បញ្ជូន​នាយទាហាន​២​រូប ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​សិង្ហ​បុរី ដែល​បាន​ចាត់​បញ្ជូន​នាយទាហាន​ចំនួន ២​រូប​ ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍…

រាជធានី​ភ្នំពេញ ៖ ប្រទេស​សិង្ហ​បុរី ដែល​បាន​ចាត់​បញ្ជូន​នាយទាហាន​ចំនួន ២​រូប​ ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​ការ​ចូល​ជា​ធរមាន​ នៃ​បទ​ឈប់​បាញ់​ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុជា​ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ខេត្តសៀមរាប ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​ប្រទេស​សិង្ហ​បុរី ដែល​បាន​ចាត់​បញ្ជូន​នាយទាហាន​ចំនួន ២​រូប គឺ វរសេនីយ៍ត្រី Li Yiming និង​ព្រិ​ន្ទ​បាល​ឯក Toh Wee Chiang មក​ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ការ​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន បន្ទាប់​ពី​ការ​ចូល​ជា​ធរមាន នៃ​បទ​ឈប់​បាញ់ ។

កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់ មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់ ក៏​ដូច​ជា​វិធានការ​នានា ដែល​បាន​ឯកភាព​គ្នា​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​តែងតែ​ស្វាគមន៍​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​មាន​បំណង​ក្នុង​ការ​ចូលរួម​ជួយ​លើ​កិច្ចការ​នេះ​បន្ថែម​ទៀត ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ