ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ឪពុក​ម្ដាយ​ ទោះ​កូនប្រុស​បាត់​ខ្លួន​៦​ខែ​ហើយ​ក្ដី ​ក៏នៅ​តាមតែ​ស្វែងរក​ទាំង​ក្ដី​សង្ឃឹម​មិន​បោះបង់​ឡើយ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ទឹកចិត្ត​ឪពុក​ម្ដាយ​ចំពោះ​កូន ​ពិតជា​ធំធេង​ ធំជា​ងមហាសាគរ​ទៅ​ទៀត ជាក់ស្ដែង​ប្ដី​ប្រពន្ធ​១​គូ ទោះបីជា​កូនប្រុស​របស់​គាត់​ បាន​បាត់​ខ្លួន​អស់​រយៈពេល​៦​ខែ​ទៅ​ហើយ និង​ពុំ​ដឹង​ថា​ ស្លាប់​ឬ​រស់​ក្ដី…

រាជធានីភ្នំពេញ​ ៖ ទឹកចិត្ត​ឪពុក​ម្ដាយ​ចំពោះ​កូន ​ពិតជា​ធំធេង​ ធំជា​ងមហាសាគរ​ទៅ​ទៀត ជាក់ស្ដែង​ប្ដី​ប្រពន្ធ​១​គូ ទោះបីជា​កូនប្រុស​របស់​គាត់​ បាន​បាត់​ខ្លួន​អស់​រយៈពេល​៦​ខែ​ទៅ​ហើយ និង​ពុំ​ដឹង​ថា​ ស្លាប់​ឬ​រស់​ក្ដី ក៏​ពួក​គាត់​មិន​បោះបង់​ឡើយ​នៅ​តែ​ព្យាយាម​តាមស្វែងរ​កកូន​គ្រប់​ទីកន្លែង​ក្នុង​ក្ដី​សង្ឃឹមថា នឹង​បាន​រក​ឃើញ​កូនប្រុស​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។ ដោយឡែក​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ បន្ទាប់​ពី​ដើរ​រក​គ្រប់កន្លែង​ មិនឃើញ ពួក​គាត់​ក៏​បាន​កាន់​រូបថត​កូន​ម្នាក់​១​សន្លឹក ព្រមទាំង​សំបុត្រ​កំណើត​កូនប្រុស​ផង ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទៅ​ទីនោះ​ដើម្បី​អោយ​អាជ្ញាធរ និង​នគរបាល​ឲ្យ​ជួយ​ស្វែងរក​កូនប្រុស​គាត់​នោះ​ផង ឬ​ក៏​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​មាន​ភិនភាគ​ដូច​ក្នុង​រូបថត​នោះ​ សូម​ជួយ​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់​ដោយ​ក្ដី​អនុគ្រោះ​ផង ។

ប្ដី​ប្រពន្ធ​១​គូ​នោះ​ បុរស​ជា​ប្ដី​ឈ្មោះ​ ប្រាក់ ចំ​រ៉ុ​ង អាយុ​៣៧​ឆ្នាំ មុខរបរ​សន្តិសុខ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ ប្រពន្ធ​ឈ្មោះ​ ថន ញ៉ អាយុ​៤១​ឆ្នាំ គ្មាន​មុខរបរ​ទេ ​គាត់​នៅ​ចាំផ្ទះ និង​មានស្រុក​កំណើត​នៅ​ភូមិ​គុយ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។ ចំណែក​កូនប្រុស ​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ ​ប្រាក់ ចាន់​នី អាយុ​១៣​ឆ្នាំ បច្ចុប្បន្ន​គ្រួសារ​មួយ​នេះ ​ស្នាក់​នៅផ្ទះ​ជួល​ នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ឪពុក​ម្ដាយ​ខាងលើ​ បាន​និយាយ​ថា កូនប្រុស​របស់​ពួក​គាត់​រូប​នោះ​ បាន​បាត់​ខ្លួន​តាំងពី​វេលា​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥​មក​ម្ល៉េះ បើ​គិត​រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​៦​ខែ​មក​ហើយ។ នៅ​វេលា​ល្ងាច​ថ្ងៃ​នោះ​ កូនប្រុស​រូប​នេះ​ រួម​ជាមួយ​កូនស្រី​ម្នាក់​ទៀត (២​នាក់​បងប្អូន​បង្កើត​)​ បាន​បណ្ដើរគ្នា​ចេញ​ដើរ​ពី​ផ្ទះ​ទៅ​ដើរ​រើស​អេ​ត​ចាយ ​នៅ​តាម​តំបន់​នានា។ ដែល​តាម​ទម្លាប់​រាល់ថ្ងៃ​ កូន​គាត់​ទាំង​២​នាក់ ​ចេញពីផ្ទះ​នៅ​ម៉ោង​៦​ល្ងាច ហើយ​ម៉ោង​៧ ឬ​៨​យប់​ត្រលប់​ចូល​ផ្ទះ​វិញ​ហើយ ប៉ុន្តែ​ថ្ងៃ​ចុង​ក្រោយ​នោះ ស្រាប់តែ​ឃើញ​តែ​កូនស្រី​ត្រលប់​ទៅ​វិញតែម្នាក់ឯង ចំណែក​កូនប្រុស​ច្បង​ អត់​ឃើញ​ទៅ​ផ្ទះ​វិញ​សោះ ។

ពួក​គាត់​បាន​និយាយ​បន្ត​ថា ពេល​ពួក​គាត់​ សួរនាំ​កូនស្រី នាង​ប្រាប់​ថា នាង​ និង​បងប្រុស​ បាន​ដើរ​រើស​អេ​ត​ចាយ​នៅ​កន្លែង​ផ្សេង​គ្នា ហើយ​នាង​ ក៏​មិនដឹង​ថា តើ​បងប្រុស ​ទៅ​រើស​អេ​ត​ចាយ​នៅ​កន្លែង​ណា​ដែរ នាង​ស្មានថា​ បងប្រុស​មក​ដល់​ផ្ទះ​មុន​នាង​បាត់​ទៅ​ហើយ។ ចាប់តាំងពី​ពេល​នោះ​មក ពួក​គាត់​មានការ​ព្រួយបារម្ភ​ ចំពោះ​សុវត្ថិភាព​កូនប្រុស​រូប​នោះ​ខ្លាំង​ណាស់ ក៏​បាន​តាមរ​កកូន​គ្រប់កន្លែង​ ដែល​កូន​ធ្លាប់​ទៅ និង​កន្លែង​នានា​ តែ​មិនឃើញ​សោះ ពួក​គាត់​បាន​កាន់​រូបថត​ កូន​ដើរ​សួរ​គេឯង​ជា​ច្រើន​កន្លែង ប៉ុន្តែ​ពុំ​មាន​អ្នក​បានឃើញ​ទេ។ មិនតែប៉ុណ្ណោះ​ ក៏​បាន​ទៅ​តាម​រក​ដល់​ស្រុក​កំណើត​ទាំង​សងខាង ក៏​នៅ​តែ​ពុំ​ឃើញ​ទៀត ដោយ​មិនដឹង​ថា​ កូនប្រុស​ជាទី​ស្រលាញ់​ កំពុង​ស្ថិត​នៅ​ទីណា និង​មាន​សុខទុក្ខ​បែប​ណា​នោះ​ទេ ពួក​គាត់​ពិតជា​នឹករលឹក​កូនប្រុស​ខ្លាំង​ណាស់ ។

ប្ដី​ប្រពន្ធ​១​គូ​នេះ ​បាន​រៀបរាប់​បន្ត​ថា ទោះជា​កូន​បាត់​ខ្លួន​អស់​រយៈពេល​៦​ខែ ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​គាត់​ពួក​គាត់​មិន​បោះបង់​ក្ដី​សង្ឃឹម​ទេ ពួក​គាត់​នៅ​តែ​ព្យាយាម​តាមរ​កកូន​ពី​១​ថ្ងៃ​ ទៅ​១​ថ្ងៃ ​និង​ពី​១​ខែ ​ទៅ​១​ខែ​មិន​ឈប់​ឡើយ ។ ជា​ចុង​ក្រោយ​នេះ​ ពួកគាត់​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ពឹងពាក់​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​កូនប្រុស​គាត់​នោះ​ផង ។ ពួក​គាត់​ក៏​បាន​នាំ​យក​រូបថត ​និង​សំបុត្រ​កំណើត​កូនប្រុស​ទៅ​បង្ហាញ​ឲ្យ​អាជ្ញាធរ​បាន​ស្គាល់ ក្រែង​ថ្ងៃ​ណាមួយ​ប្រទះ​ឃើញ​ក្មេង​ប្រុស​ ដែល​មាន​ភិនភាគ​ដូច​ក្នុង​រូបថត​នោះ​ សូម​ជួយ​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់​ផង ។

ដោយឡែក​ បុរស​ជា​ប្ដី បាន​និយាយ​ថា សព្វ​ថ្ងៃនេះ ​គ្រួសារ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់ ទើប​ពួក​គាត់​បណ្ដែតបណ្ដោយ​ឲ្យ​កូនប្រុស​ និង​កូនស្រី ​ដែល​នៅ​វ័យ​តូច​ៗ​នៅឡើយ ចេញ​ដើរ​រើស​អេ​ត​ចាយ ដើម្បី​លក់ ​គ្រាន់​បាន​ប្រាក់​ខ្លះ​ចិញ្ចឹមជីវិត តែ​មិន​នឹក​ស្មានថា​ មានរឿង​បែប​នេះ​សោះ។ សព្វ​ថ្ងៃនេះ​ រូប​គាត់​ ធ្វើ​ជា​សន្តិសុខ​យាម ​នៅ​ឯ​ម្ដុំ​ផ្សារ​ថ្មី បាន​ប្រាក់​មិន​គ្រប់ការ​ចំណាយ​ផ្សេង​នៅ​ក្នុង​គ្រួសារ​ទេ មិនតែប៉ុណ្ណោះ កាល​មុន​គាត់​មាន​កង់​កញ្ចាស់​ ១​គ្រឿង​ គ្រាន់​នឹង​ជិះ​ចេញពីផ្ទះ​ ទៅ​ធ្វើការ​នៅ​ផ្សារ​ថ្មី​ដែរ ប៉ុន្តែ​ក្រោយមក​ កង់​នោះ ​ត្រូវ​ចោរលួច​បាត់​ទៀត។ ចាប់ពី​ពេល​នោះ​មក ​គាត់​គ្មាន​កង់​ជិះ​ទៅ​ធ្វើការ​ទៀត​នោះ​ឡើយ ប៉ុ​ន្តែ​គាត់​ ក៏​មិន​បាន​បោះបង់​ចោលការ​ងារ​នោះ​ដែរ គាត់​បាន​ដើរទៅ​មក​ធ្វើការ​តាំងពី​សង្កាត់​ភ្នំពេញ​ថ្មី រហូត​ដល់​កន្លែងធ្វើការ​ នៅ​ម្ដុំ​ផ្សារ​ថ្មី ​ជា​រៀងរាល់ថ្ងៃ ។

ដោយឡែក​ សប្បុរសជន​២​រូប ប្ដី​ឈ្មោះ​ សោម សង្ហា និង​ប្រពន្ធ​ឈ្មោះ ​ទ្រី ស្រី​មុំ មុខរបរ​លក់​មាន់​បំពង​រស់នៅ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ។ ក្រោយ​ពី​បាន​ស្ដាប់​ការ​រៀ​រាប់​របស់​ប្ដី​ប្រពន្ធ​ខាងលើ​គួរ​ឲ្យ​អាណិត​នោះ អ្នក​ទាំង​២ ​ក៏​បាន​ផ្ដល់​កង់ ​១​គ្រឿង ​ទៅ​ឲ្យ​ប្ដី​ប្រពន្ធ ​ដ៏​កំសត់​នេះ​ ដើម្បី​បាន​ជិះ​ទៅ​ធ្វើការ​ងារ ​រក​ប្រាក់​មក​ចិញ្ចឹមជីវិត ​និង​ផ្គត់ផ្គង់​គ្រួសារ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ