ខេត្តពោធិ៍សាត់ ៖ ក្រោយសង្គ្រាមស៊ីវិលផុតរលត់ទៅ បច្ចុប្បន្ន អតីតព្រះរាជដំណាក់ព្រះបាទសម្ដេច ស៊ីសុវត្ថិ មុនីវង្ស ស្ថិតនៅក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានក្លាយជាទីតាំងរដ្ឋបាលរបស់សាលាស្រុក ដោយមានបន្សល់នូវរចនាសម្ព័ន្ធមួយចំនួនដូចជា ខ្លោងទ្វារចូលព្រះរាជដំណាក់ចំនួន0២ និងស្រះទឹកដ៏ធំមួយ មានទឹកខួបប្រាំងខួបវស្សា ។

រដ្ឋបាលសាលាស្រុកបាកាន និងមន្ត្រីជំនាញ បានធ្វើការវាស់វែង និងប្តូរទីតាំងខ្លោងទ្វារបុរាណទាំងពីរនេះ ពីទីតាំងដើមប្រហែល៣០ម៉ែត្រ ដោយសារទីតាំងចាស់ប៉ះពាល់ការពង្រីកផ្លូវជាតិលេខ៥ ។

ក្នុងការបំលាស់ប្តូរទីតាំងនេះ គឺរក្សារូបរាងដើមទាំងស្រុង ដើម្បីទុកអោយកូនចៅជំនាន់ក្រោយបានឃើញ និងសិក្សាស្វែងយល់ ។ បើតាមបច្ចេកទេសទំនើប បច្ចុប្បន្នគេអាចបំលាស់ទីសំណង់ថ្មបាន ដោយប្រើបច្ចេកទេស រំកិល មិនចាំបាច់វាយចោលដូចពីមុនទេ។

តាមការស្រាវជ្រាវឲ្យដឹងថា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស គឺជាព្រះរាជបុត្រទី៦ និងជាព្រះរាជបុត្រាទី២ នៃព្រះបាទស៊ីសុវត្ថិជាមួយអ្នកម្នាង វ៉ាន់ ដែលក្រោយមក មានព្រះគោរម្យងារជា សម្តេចព្រះវររាជនី ។

ព្រះអង្គទ្រង់ព្រះសម្ភពនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៨៧៥ ។ នៅឆ្នាំ១៩២៧ ពេលព្រះបិតាទ្រង់បានសោយព្រះទិវង្គត់ ព្រះបាទមុនីវង្ស បានឡើងសោយរាជ្យនៅក្នុងព្រះជន្ម៥២ព្រះវស្សា ៕
ចែករំលែកព័តមាននេះ