ខេត្តកោះកុង ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងជីវៈចម្រុះ កម្លាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃ បានបើកប្រតិបត្តិការល្បាត និងបង្ក្រាបបទល្មើសយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រសំខាន់ៗចំនួនពីរ ក្នុងខេត្តកោះកុង ។
ជាក់ស្តែង ក្រសួងបរិស្ថានបានប្រកាសនាព្រឹកថ្ងៃទី១៦ ខែមករានេះថា ៖ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតវាលពីរ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានដោះអន្ទាក់ សម្រាប់ដាក់យកសត្វព្រៃចំនួន ៦៨ខ្សែ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ។ ចំពោះវត្ថុតាង ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតវាលពីរ ។
ដោយឡែក នៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង កម្លាំងមន្ត្រីឧទ្យានុរក្ស បានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៤៩ខ្សែ លបចំនួន០២ដៃស្មើ ០៦ម៉ែត្រ និងសន្ទូចកន្ធាយចំនួន ១០ខ្សែស្មើ១០០ផ្លែ និងដុំឆក់ចំនួន០១គ្រឿង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ។
សូមបញ្ជាក់ថា ៖ សកម្មភាពល្បាតជាប្រចាំនេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន អាជ្ញាធរដែនដី និងអង្គការដៃគូ ក្នុងការលុបបំបាត់រាល់សកម្មភាពបរបាញ់សត្វព្រៃ និងការនេសាទខុសច្បាប់ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ការពារធម្មជាតិ ៕



ចែករំលែកព័តមាននេះ