ខេត្តកំពង់ចាម ៖ ជារៀងរាល់យប់រថយន្តដឹកត្រីបើកឆ្លងកាត់ដោយស្រក់ទឹកលើផ្លូវថ្នល់ធ្វើឱ្យជះក្លិនឆ្អេះឆ្អាប ។ កត្តានេះដោយសារតែអ្នកបើកបររថយន្តដឹកត្រីមិនយកចិត្តទុកដាក់ រួមចំណែកឲ្យបានស្អាតផ្នែកបរិស្ថាន ជាមួយនោះសូម្បីតែផ្លូវវត្តបឹងកុកក្នុងក្រុងកំពង់ចាម ត្រូវបានព្រះសង្ឃរអ៊ូរឿងរថយន្តដឹកត្រីបើកកាត់ក្នុងវត្តពេលយប់ បង្ករការជះក្លិនឆ្អាបរំខានដល់ការសឹងរបស់ព្រះសង្ឃ ។
ព្រះសង្ឃមួយអង្គគង់នៅវត្តបឹងកុក មានថេរដីកានៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ថា ពីមុនមិនទាន់សាងសង់ផ្លូវបេតុងក្នុងវត្តបឹងកុក គឺមិនមានរថយន្តតូចធំបើឆ្លងកាត់ពីច្រកខាងមុខចេញទៅច្រកក្រោយនោះទេ ។ ស្របពេលដែលព្រះចៅអធិការវត្តស្ថាបនាផ្លូវបេតុងមួយខ្សែមានសោភ័ណភាពស្រស់ស្អាត តែមិនថាពេលថ្ងៃ ឬយប់នោះទេ គឺមានរថយន្តដឹកត្រីអាចដឹកលើសទម្ងន់ធ្វើឲ្យខូចផ្លូវបេតុង ហើយថែមទាំងស្រក់ទឹកឆ្អេះឆ្អាបមកលើផ្លូវ ដោយជះក្លិនធ្វើឲ្យពិបាកក្នុងការដកដង្ហើមទៀតផង ។
ព្រះសង្ឃវត្តបឹងកុក មានថេរដីកាបន្តថា ក្រោយពីមានបាតុភាពបែបនេះនៅក្នុងវេទិកាពិគ្រោះយោបល់បានលើកឡើងពីសំណាក់ព្រះចៅអធិការវត្តជាហេតុធ្វើឲ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់ដោយបានហៅក្រុមឈ្មួញរកស៊ីលក់ត្រី ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវបេតុង ត្រូវបានចៅសង្កាត់បឹងកុក ហៅមកណែនាំក្រោយមកសកម្មភាពរថយន្តដឹកត្រីមិនមានសកម្មភាពថ្លង់ដូចមុនទៀតទេ ។ បើគិតពីសកម្មភាពវិញ គឺថយចុះ ៦០ ទៅ ៧០% នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។ ហើយឡានដឹកត្រីទាំងនោះសង្ស័យនាំមកពីវៀតណាម ។
លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងដែរថា ចំពោះកន្លែងបោះដុំឈ្មួញរកស៊ីត្រីក្នុងក្រុងកំពង់ចាម គឺមានចំនួន ៥កន្លែងហើយត្រីដែលនាំចូលមកលក់ ពីតាមស្រះចិញ្ចឹមនៅក្នុងខេត្តព្រៃវែង និងខេត្តផ្សេងទៀត ដើម្បីយកមកលក់នៅក្នុងខេត្តកំពង់ចាម ចំពោះត្រីនាំមកពីវៀតណាម គឺមិនមាន ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រហែលជិត ១០យប់ជារៀងរាល់ថ្ងៃ គឺមានរថយន្តដឹកត្រីសង្ស័យក្រោយពីទម្លាក់ត្រីអស់នៅម្ដុំជិតទន្លេអុំរួចបើកកាត់តាមផ្លូវថ្នល់ជាតិលេខ ៧ចាស់ ដោយបានបង្ហូរទឹកស្រកលើផ្លូវរាល់យប់ ។ ហើយអ្នកបើករថយន្តដឹកត្រីនោះគឺមិនចេះចូលរួមចំណែកក្នុងការសម្អាតបរិស្ថានទេដឹង ៕








ចែករំលែកព័តមាននេះ