រាជធានីភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ។
ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់ស មាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្ស ធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ ។
លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមាន ៖
-លើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ ។
-លុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការបាត់បង់ចំណូលរបស់ពួកគេ ។
-ថវិកាចំនួន៣៤០.០០០ដុល្លារអាមេរិក ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានា ត្រូវបានរៃអង្គាសតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគម និងគ្រឹះស្ថានសមាជិក ត្រូវបានបរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់ ។
-ឥណទានប្រមាណ៥០០លានដុល្លាអាមេរិក ត្រូវបានរៀបចំឡើងវិញ ដើម្បីសំរាលសំពាធហិរញ្ញ វត្ថុជូនដល់ជនភាសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា វិធានការដែលបានលើកឡើងលើនេះត្រូវបានអនុវត្តស្របពេលជាមួយនឹងការអនុវត្តការរៀបចំឥណទានឡើងវិញ និងវិធានការជួយអតិថិជនផ្សេងៗតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួលបានសេវាហិរញ្ញវត្ថុដោយមិនមានសម្ពាធហិរញ្ញវត្ថុបន្ថែម ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានសមាជិក ប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ហើយនិងបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកអតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕

ចែករំលែកព័តមាននេះ