រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះលី គួង ភេទប្រុស អាយុ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ ការជ្រើស រើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាងដែលបង្ហាញពីសកម្មភាពមិនប្រក្រតីក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះ ទៅធ្វើចរាចរណ៍ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ។
បច្ចុប្បន្ន ជននេះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ។ សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់ ។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន៣៧ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្សពួកចំនួន១៧២នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេ
ខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ៕
ចែករំលែកព័តមាននេះ