ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​ត្រែង បង្កើន​សន្ទុះ​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ក្រុមហ៊ុន​ភូ​ម៉ា​ឌី ចុះ MOU ជាមួយ​ក្រុមហ៊ុន​ជប៉ុន​យក្ស SUMIFRU

11 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ វិស័យ​ក​សិ​-​ឧស្សាហកម្ម ក្នុង​ខេត្តស្ទឹងត្រែង កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​បោះ​ជំហាន​យ៉ាង​ខ្លាំង ដោយ​ក្នុង​ឆ្នាំ​២០២៥ កន្លង​ទៅ​ក្រុមហ៊ុន​ចំនួន​៤ បាន​សម្រេចការ​នាំ​ចេញ​ចេកអំបូង​លឿង​ស្រស់ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ រួម​មាន…

ខេត្តស្ទឹងត្រែង ៖ វិស័យ​ក​សិ​-​ឧស្សាហកម្ម ក្នុង​ខេត្តស្ទឹងត្រែង កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​បោះ​ជំហាន​យ៉ាង​ខ្លាំង ដោយ​ក្នុង​ឆ្នាំ​២០២៥ កន្លង​ទៅ​ក្រុម
ហ៊ុន​ចំនួន​៤ បាន​សម្រេចការ​នាំ​ចេញ​ចេកអំបូង​លឿង​ស្រស់ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ រួម​មាន ចិន កូរ៉េ​ខាងត្បូង និង​ជប៉ុន ក្នុង​បរិមាណ​សរុប​ដល់
ទៅ ១០៦,៥១៦ តោន ។

នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ នៅ​សាលា​ខេត្តស្ទឹងត្រែង បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់ (MOU) ស្តី​ពី «​ការ​កសាង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ចេកអំបូង​លឿង ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​» រវាង​ក្រុមហ៊ុន ភូ​ម៉ា​ឌី (Phumady Investment Group) និង​ក្រុមហ៊ុន SUMIFRU JAPANCORAPORTION ក្រោម​អធិបតីភាព​លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង ។

យោង​តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៤ ដែល​ជា​ក្បាលម៉ាស៊ីន​រុញច្រាន​ការ​នាំ
ចេញ​ចេកអំបូង​លឿង រួម​មាន​៖ ១. ក្រុមហ៊ុន ស៊ីវ​ហ្គេ​ក ២. ក្រុមហ៊ុន ភូ​ម៉ា​ឌី ៣. ក្រុមហ៊ុន ដំឡូង​មី​ចំកាត់ ៤. ក្រុមហ៊ុន ហ្គ្រេ​ន​លែ​ន ។

ដោយឡែក សម្រាប់​ក្រុមហ៊ុន ភូ​ម៉ា​ឌី ក្នុង​ឆ្នាំ​២០២៥ បាន​ដាំ​ដុះ​លើ​ផ្ទៃដី​សរុប ១,០៣៨ ហិ​កតា (​ចេក ៧២៥​ហិ​កតា និង​ទុរេន ៣១៣​ហិ​កតា​) ដោយ​នាំ​ចេញ​ចេក​ស្រស់​បាន ១៦,០១០ តោន ក្នុង​នោះ ៨៥% ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ជប៉ុន និង ១៥% ទៅ​កូរ៉េ​ខាងត្បូង​។ ក្នុង​ឆ្នាំ​២០២៦ នេះ ក្រុមហ៊ុន​គ្រោង​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​រហូត​ដល់​ជិត ២,០០០ នាក់ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​ផ្ទៃដី​ដាំ​ដុះ ។

ក្នុង​ឱកាស​នោះ លោក សរ សុ​ពុ​ត្រា បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ​។ លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ថា​៖ “​វិស័យ​កសិកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍ គឺជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្ត​។ យើងខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន SUMIFRU ពិចារណា​នាំ​ចេញ​កសិផល​សក្ដានុពល​ផ្សេង​ទៀត​ដូច​ជា កៅស៊ូ ស្វាយចន្ទី ស្វាយកែវ​រមៀត និង​ទុរេន​ជាដើម​” ។

បើ​ទោះបីជា​លទ្ធផល​គួរ​ឱ្យ​មោ​ទ​នៈ​ក៏​ដោយ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង ៩​ម៉ឺន​ហិ​កតា (១៣ គម្រោង​) បច្ចុប្បន្ន​ទើបតែ​អនុវត្ត​បាន​ប្រមាណ ២៥% (​ស្មើនឹង ២២,៣១៤ ហិ​កតា​) ប៉ុណ្ណោះ​។ នេះ​គឺជា​ឱកាស​មាស​សម្រាប់​វិនិយោគិន​ដទៃ​ទៀត ក្នុង​ការ​ចូល​មក​បណ្ដាក់ទុន​ដើម្បី​ប្រែក្លាយ​ខេត្តស្ទឹងត្រែង​ឱ្យទៅ​ជា​តំបន់​ផលិត កម្ម​ដ៏​រឹង​មាំ ។

រដ្ឋបាល​ខេត្តស្ទឹងត្រែង ប្ដេជ្ញា​បន្ត​សម្របសម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង​ដល់​ក្រុមហ៊ុន​វិនិយោគ ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ