ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក ​រដ្ឋសភា​ បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា​ អនុម័តសេចក្ដីព្រាងច្បាប់​ ស្តី​ពីការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញាអង្គការសហប្រជាជាតិ ​ស្ដី​ពី​នីតិ​សមុទ្រ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ អនុម័ត​វារៈ​ មួយ​ចំនួន ​។

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​កំណត់​កាលបរិច្ឆេទ​ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ សម្រាប់​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៧ ដើម្បី​ពិភាក្សា អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដី​ពី​នីតិ​សមុទ្រ​ ។

អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​ឆ្នាំ​១៩៨២ ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ នៅ​ទីក្រុង​ម៉ុង​តេ​ហ្គា​បៃ ប្រទេស​ហ្សា​ម៉ា​អ៊ី​ក ហើយ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៩៤​។ អនុសញ្ញា​នេះ​កំណត់​អំពី​ក្របខ័ណ្ឌ​គតិ​យុ​ត្តនៃ​ការ​កំណត់ព្រំដែន​សមុទ្រ សេរីភាព​ផ្នែក​នាវាចរណ៍​តាម​ផ្លូវ​សមុទ្រ សិទ្ធិ និង​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ក្នុង​ការ​ប្រើប្រាស់​លម្ហ​សមុទ្រ និង​សេចក្តីណែនាំ​នានា​សម្រាប់​ការ​ធ្វើ​ធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​សមុទ្រ​ដ៏​សម្បូរ​បែប ។

ការ​ផ្តល់​សច្ចាប័ន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សមុទ្រ ទទួល​បាន​នូវ​ក្របខ័ណ្ឌ​ច្បាប់​សមុទ្រ​មួយ​ពេញលេញ​សម្រាប់​កិច្ចការ​សមុទ្រ​, ទទួល​បានការ​ការពារ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សមុទ្រ​របស់​កម្ពុជា និង​ពង្រឹង​តួនាទី​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្មើមុខ​ក្នុង​ការ​គ្រប់គ្រង​សមុទ្រ​, ដោះស្រាយ​បញ្ហា​សមុទ្រ​ជាមួយ​បណ្តា​ប្រទេស​នានា និង​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព​អាជ្ញាធរ​បាតសមុទ្រ​អន្តរជាតិ ក៏​ដូច​ជា​ចៅក្រម​តុលាការអន្តរជាតិ​នីតិ​សមុទ្រ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ