រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០១២រហូតបច្ចុប្បន្ន ដែលកាលនោះទើបតែអាយុ១១ឆ្នាំប៉ុណ្ណោះ ហើយគ្រាន់តែជាប់នៅមណ្ឌលអប់រំកែប្រែ ឱកាសខ្ញុំ ចំនួន០៤ដងរួចមកហើយ (មិនចាំកាលបរិច្ឆេទ) ប៉ុន្តែនៅតែមិនព្រមរាងចាលនិងកែប្រែខ្លួនឡើយ ។ ពេលនេះបានបង្ករឿងធំដោយបានប្រើកណ្ដាប់ដៃវាយអ៊ុំស្រីបង្កើតខ្លួនឯង បណ្ដាល្យរងរបួសពិការភ្នែកម្ខាង ព្រោះតែខឹងអ៊ុំស្រីហាមឃាត់មិនឲ្យឈ្លោះជាមួយម្ដាយបង្កើតរបស់ខ្លួនដែលទើបតែចេញពីពេទ្យដល់ផ្ទះ បន្ទាប់មកក៏ត្រូវបានកូនជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្ដង ។
ហេតុការណ៍ខាងលើនោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរូបនេះឈ្មោះ ឡូត ប៊ុនថុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រៃទា២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឡាច សុខន ភេទស្រី អាយុ៧១ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជិតគ្នាក្នុងភូមិកើតហេតុខាងលើ រងរបួសភ្នែកខាងឆ្វេងធ្ងន់ធ្ងរបណ្តាលឱ្យពិការ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅគ្រាប្អូនបង្កើតរបស់ខ្លួនឈ្មោះ ឡាច សុភាព ដែលត្រូវជាម្ដាយបង្កើតរបស់យុវជនដៃដល់នោះ ដែលទើបត្រឡប់មកពីព្យាបាលជំងឺនៅមន្ទីពេទ្យវិញ គឺគ្រាដើម្បីចូលទៅក្នុងផ្ទះក្បែរគ្នានោះ បនហទាប់មកគាត់ក៏បាននៅសួរសុខទុក្ខប្អូនស្រីផងដែរ ។ ពេលនោះជនដៃដល់ពុំដឹងទើបមកពីណាទេ ពេលចូលដល់ផ្ទះភ្លាមក៏បានឈ្លោះទាស់ទែងជាមួយម្តាយរបស់ខ្លួនភ្លាម ដោយមិនបានគិតអាណិតម្ដាយដែលកំពុងមានជំងឺឡើយ ។
នគរបាលបានប្រាប់បន្តទៀតថា ខណៈពេលឃើញពីទង្វើមិនសមរម្យអកតញ្ញូបែនេះ ក្នុងនាមគាត់ជាម្ដាយធំក៏បានហាមឃាត់កុំឲ្យជននេះឈ្លោះជាមួម្ដាយ ក៏ស្រាប់តែជននេះខឹងស្ទុះទៅវាយជនរងគ្រោះចំភ្នែកខាងឆ្វេងដែលទើបនឹងបករួចថ្មីៗ បណ្តាលឱ្យរងបួសធ្ងន់ធ្ងរ រហូតដល់ពិការតែម្ដង ។ បន្ទាប់មកជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះអង្គឌួង ហើយក្រោយពេលទទួលបានដំណឹងថាម្ដាយរបស់ខ្លួនត្រូវជននោះវាយឲ្យរបួស កូនរបស់ជនរងគ្រោះឈ្មោះ សុខ សុ ធឿន ដែលកំពុងធ្វើការ ក៏ប្រញាប់ត្រលប់ទៅផ្ទះវិញ ។ រួចឃាត់ខ្លួនជនអកតញ្ញូរូបនោះប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង ៕




ចែករំលែកព័តមាននេះ