ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តពង្រឹងចំណងមេត្រីភាព និងកិច្ច​សហ​​ប្រតិបត្តិការជាមួយអ្នកសារព័ត៌មាន

5 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្នុង​ស្មារតី​លើកកម្ពស់​តម្លៃ​សេរីភាព​សារព័ត៌មាន និង​ការ​ពង្រឹង​ប្រសិទ្ធភាព​​នៃ​​ការ​បញ្ជ្រាប​ព័ត៌មាន​ពិត​ទៅ​កាន់​សា​ធារណ​ជន រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពិធី​សំណេះសំ​ណា​ល​ដ៏​មាន​អត្ថន័យ​មួយ​ជាមួយ​បណ្តាញ​អ្នកសារព័ត៌មាន អ្នក​ផលិត​មាតិកា និង​មន្ត្រី​ព័ត៌មាន​ទូ​ទាំង​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម សរ សុ​ពុ​ត្រា…

ខេត្តស្ទឹងត្រែង ៖ ក្នុង​ស្មារតី​លើកកម្ពស់​តម្លៃ​សេរីភាព​សារព័ត៌មាន និង​ការ​ពង្រឹង​ប្រសិទ្ធភាព​​នៃ​​ការ​បញ្ជ្រាប​ព័ត៌មាន​ពិត​ទៅ​កាន់​សា​ធារណ​ជន រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពិធី​សំណេះសំ​ណា​ល​ដ៏​មាន​អត្ថន័យ​មួយ​ជាមួយ​បណ្តាញ​អ្នកសារព័ត៌មាន អ្នក​ផលិត​មាតិកា និង​មន្ត្រី​ព័ត៌មាន​ទូ​ទាំង​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាលខេត្ត ។

ពិធី​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៤ ខែមក​រា ឆ្នាំ​២០២៦​កន្លង​ទៅ មិន​ត្រឹមតែ​ជា​ការ​ជួបជុំ​បែប​មិត្តភាព​ក្នុង​ឱកាស​ដើមឆ្នាំ​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​បោះ​ជំហាន​ឆ្ពោះទៅ​រក​របត់​ថ្មីមួយ​នៃ​កិច្ចសហការ​រវាង​អាជ្ញាធរ និង​អ្នក​សារព័ត៌មាន ក្នុង​គោលដៅ​រួម​គឺ «​ការ​អភិវឌ្ឍ​ខេត្តស្ទឹងត្រែង​» ។ 

ថ្លែង​ក្នុង​បរិយាកាស​ដ៏​ស្និទ្ធស្នាល​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​គូសបញ្ជាក់​ច្បាស់​ថា អ្នក​សារព័ត៌មាន និង​អ្នក​ផលិត​មាតិកា គឺជា​«​ដៃគូ​យុទ្ធសាស្ត្រ​ដែល​មិន​អាច​ខ្វះ​បាន​» របស់​រដ្ឋបាល​ខេត្ត ។ អ្នក​សារព័ត៌មាន គឺជា​ស្ពាន​ចម្លង​ព័ត៌មាន​ដ៏​សំខាន់ ក្នុង​ការ​នាំ​យក​សមិទ្ធផល ការ​អភិវឌ្ឍ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ទៅ​ដល់​មហាជន​ឱ្យ​បាន​យល់​ដឹងកាន់តែ​ទូលំ​ទូលាយ ច្បាស់លាស់ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ។

ទន្ទឹម​នឹង​ការ​ផ្តល់​តម្លៃ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តល់​អនុសាសន៍​ជំរុញ​ឱ្យ​អ្នក សារព័ត៌មាន​ទាំងអស់ បន្ត​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ វិជ្ជាជីវៈ ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​សេចក្តីរាយការណ៍​ដែល​ផ្អែក​លើ​តុល្យភាព​ព័ត៌មាន ដើម្បី​រួមចំណែក​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ។ 

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​សក្ដានុពល​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​ដ៏​មាន​តម្លៃ​របស់​ខេត្តស្ទឹងត្រែង ព្រមទាំង​ទិស​ដៅ​យុទ្ធសាស្ត្រ​ដែល​រដ្ឋបាល​ខេត្ត​កំពុង​អនុវត្ត ។ ការ​បង្ហាញ​នេះ ក្នុង​គោលបំណង​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​ដល់​អ្នក​សារព័ត៌មាន ក្នុង​ការ​ផលិត​ព័ត៌មាន​ឱ្យ​បាន​ស៊ីជម្រៅ និង​ស្រប​តាម​ចរន្ត​នៃ​ការ​អភិវឌ្ឍ​ជាក់ស្តែង ។ 

គួរ​កត់​សម្គាល់ថា នេះ​គឺជា​លើក​ដំបូង​ហើយ​ដែ​លៃ​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​រៀបចំ​វេទិកា​សំណេះសំណាល​រវាង​ថ្នាក់ដឹកនាំ​ខេត្ត ជាមួយ​អ្នក​សារព័ត៌មាន អ្នក​ផលិត​មាតិកា​ក្នុង​ខេត្ត ។សកម្មភាព​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​បើកចំហ​ទូលំទូលាយ​នូវ​លំហ​សេរីភាព​ព័ត៌មាន និង​ជា​សញ្ញា​វិជ្ជមាន នៃ​ការ​កសាង​«​ទំនុកចិត្ត​»រវាង​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​សារព័ត៌មាន ។

តាម​រយៈ​ជំនួប​នេះ រដ្ឋបាល​ខេត្តស្ទឹងត្រែង​រំពឹង​ទុក​ថា នឹង​ទទួល​បាន​នូវ​កិច្ចសហការ​កាន់តែ​ជិត​ស្និទ្ធ បង្កើន​ល្បឿន​នៃ​ការ​ផ្តល់​ព័ត៌មាន​ត្រឡប់​ពី​ប្រជាពលរដ្ឋ​មក​កាន់​អាជ្ញាធរ​វិញ ដើម្បី​ដោះ​ស្រាយ​​រាល់​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​បាន​ទាន់​ពេលវេលា សំដៅ​ប្រែក្លាយ​ខេត្តស្ទឹងត្រែងឱ្យ​ក្លាយជា​តំបន់​ដែល​មានការ​រីក​ចម្រើន ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ