ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកនឹងព្យួរទុកការផ្ដល់ទិដ្ឋាការដោយឥតកំណត់ពេលវេលាចំពោះប្រទេសចំនួន៧៥ជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់ជនអន្តោប្រវេសន៍។ នៅក្នុងចំណោមប្រទេសដែលស្ថិតនៅក្នុងបញ្ជីត្រូវផ្អាកទិដ្ឋាការនោះក៏មាន៖ ប្រេស៊ីល, កូឡុំប៊ី, អេហ្ស៊ីប, ហៃទី, សូម៉ាលី និងរុស្ស៊ីផងដែរ។ ការផ្អាកនេះអនុវត្តចំពោះទិដ្ឋាការដែលស្នើសុំធ្វើដំណើរទៅអាមេរិកក្នុងនាមជាអ្នកធ្វើការងារ ឬទៅលេងគ្រួសារនៅអាមេរិក។

ការផ្អាកនេះមិនអនុវត្តចំពោះទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដូចជានិស្សិតបន្តការសិក្សានៅអាមេរិក ឬអ្នកទេសចរទៅលេងអាមេរិកទេ ហើយរឹតតែមិនអនុវត្តចំពោះអ្នកដែលទិញសំបុត្រទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោកនៅរដូវក្ដៅឆ្នាំនេះ។ ការផ្អាកផ្ដល់ទិដ្ឋាការនឹងចាប់អនុវត្តពីថ្ងៃទី២១ ខែមករាតទៅ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិក។

វិធានការនេះធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកកាលពីឆ្នាំមុនបានណែនាំឱ្យមន្ត្រីក្រោមឱវាទពីនិត្យពិច័យទៅលើបទបញ្ញត្តិនៃច្បាប់ស្ដីពីអន្តោប្រវេសន៍។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថ្លែងថាក្រសួងនឹងប្រើប្រាស់សិទ្ធិសម្រេចថាតើជនអន្តោប្រវេសន៍ណាខ្លះដែលគ្មានសិទ្ធិចូលប្រទេសអាមេរិកព្រោះពួកគេនឹងក្លាយជាបន្ទុកដែលរដ្ឋាភិបាលត្រូវចិញ្ចឹម និងកេងចំណេញលើកម្លាំងញើសឈាមរបស់ពលរដ្ឋអាមេរិក។

នីតិវិធីក្នុងការផ្ដល់ទិដ្ឋាការជូនប្រជាជននៃប្រទេសទាំង៧៥នោះនឹងត្រូវព្យួរទុកសិនដើម្បីទុកពេលឱ្យក្រសួងការបរទេសវាយតម្លៃឡើងវិញ និងទប់ស្កាត់ជនជាតិបរទេសដែលរង់ចាំតែទទួលផលប្រយោជន៍ពីអាមេរិក។ នៅក្នុងចំណោមប្រទេសដែលស្ថិតនៅក្នុងបញ្ជីត្រូវផ្អាកផ្ដល់ទិដ្ឋាការនោះ ប្រទេសខ្លះជាប់នៅក្នុងបញ្ជីត្រូវបន្តហាមឃាត់មិនឱ្យចូលអាមេរិកតាំងពីមុននេះទៅទៀត។ នេះបើយោងតាមការផ្សាយរបស់ស៊ីអឹនអឹន៕
ចែករំលែកព័តមាននេះ